ប្រទេសឥណ្ឌា ៖ កុមារាឥណ្ឌាម្នាក់ឈ្មោះ Aaryan Shukla អាយុ១៤ឆ្នាំ ត្រូវបានមហាជនដាក់ឈ្មោះថា អ្នកគិតលេខលឿនបំផុតលើពិភពលោក «ឬ Human Calculator» ក្រោយពីកុមាររូបនេះអាចគិតលេខលំបាកៗ និងស្មុគស្មាញក្នុងកម្មវិធីចំនួន៦ ដែលរៀបចំដោយ Guinness World Record បានឆាប់រហ័សបំផុត ចំណាយពេលមិនដល់១នាទី និងពុំប្រើប្រាស់ក្រដាសគិតលេខ ។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Guinness World Record បានអញ្ជើញ Aaryan កុមារឥណ្ឌា មកធ្វើតេស្តសមត្ថភាពគិតលេខនៅទីក្រុងឌូបៃ អាមីរ៉ាត អារ៉ាប់រួម ដោយឱ្យគិតលេខលំបាកៗ និងស្មុគស្មាញជាច្រើន ហើយពុំអនុញ្ញាតឱ្យគិតលេខលើក្រដាស ។ Aaryan បានសរសេរចម្លើយទាំងអស់យ៉ាងឆាប់រហ័ស និងត្រឹមត្រូវ មិនថាការបូកលេខ ដក គុណ និងចែក ហើយ Aaryan អាចបំបែកកំណត់ត្រាពិភពលោក ចំនួន៦កម្មវិធីរបស់ Guinness World Record ។
Aaryan និយាយថា ៖ «ខ្ញុំអាចគិតលេខយ៉ាងឆាប់រហ័សត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ខ្ញុំពុំអាចប្រាប់បានថា ហេតុអ្វីបានជាខួរក្បាលខ្ញុំអាចគិតលេខលឿនបែបនេះទេ ។ ខ្ញុំអាចធ្វើវាបាន មិនថាលេខច្រើនខ្ទង់ ឬលេខលំបាកស្មុគស្មាញយ៉ាងណាក្តី» ។
ចំណែកម្តាយរបស់ Aaryan បាននិយាយមកកាន់ Guinness World Record ថា ៖ «កូនប្រុសខ្ញុំ ពូកែគិតលេខណាស់តាំងពីក្មេង កូនខ្ញុំចូលចិត្តរៀនគិតលេខ ។ ពេលកូនអាយុ៦ឆ្នាំ ក៏ចាប់ផ្តើមហ្វឹកហាត់គិតលេខក្នុងចិត្ត ហើយទទួលបានចម្លើយត្រឹមត្រូវ យើងគាំទ្រកូនរហូតមក ។ ពេលកូនអាយុ៨ឆ្នាំ យើងក៏នាំកូនទៅប្រកួតគិតលេខលំដាប់អន្តរជាតិ ហើយកូនទទួលបានរង្វាន់ វាពិតជាភាពជោគជ័យបំផុត» ។

ក្រុមគ្រួសាររបស់ Aaryan បញ្ជាក់ថា ក្រុមគ្រួសារ និងសាច់ញាតិ គ្មានអ្នកណាម្នាក់អាចគិតលេខបានលឿនដូច Aaryan ទេ ។ ហេតុនេះ យើងជឿជាក់ថា Aaryan មានសមត្ថភាពពិសេសក្នុងចំណោមមនុស្សរាប់លាននាក់ ហើយយើងនឹងគាំទ្រកូនបន្តទៀតឱ្យផ្តោតតែលើការរៀនសូត្រប៉ុណ្ណោះ និងពុំចំណាយពេលវេលាឥតប្រយោជន៍ដូចក្មេងដទៃទៀត ៕










