យោងតាមប្រភពព័ត៌មាន bastillepost ដែលបានចុះផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu នៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនការអភិវឌ្ឍន៍ថ្នាំថ្មី ក្នុងការព្យាបាលជម្ងឺប្រូហ្សេរីយ៉ា ដែលជាជម្ងឺហ្សែនដ៏កម្រមួយច្រើនកើតឡើងចំពោះកុមារទូទាំងពិភពលោក។

ជំងឺនេះត្រូវបានគេស្គាល់ថា ជាជំងឺចាស់ជរា ធ្វើឱ្យកុមារមិនលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ, បាត់បង់ខ្លាញ់ក្នុងខ្លួន, ជ្រុះសក់, ឃើញសរសៃក្បាលច្បាស់, ស្បែកជ្រីវជ្រួញ, ក្បាលធំ, ភ្នែកលៀន, មាត់ស្តើង, មុខចាស់, ដៃជើងស្វិត និងឆាប់អស់កម្លាំងជាដើម និយាយឱ្យសាមញ្ញទៅ ក្មេងអាយុ ១០ ឆ្នាំអាចមើលទៅដូចមនុស្សចាស់អាយុ ១០០ ឆ្នាំអ៉ីចឹង។

បច្ចុប្បន្នជំងឺប្រូហ្សេរីយ៉ា គឺមានការព្យាបាលតិចតួចណាស់សម្រាប់កុមារ ដោយសារដំណើរការអភិវឌ្ឍឱសថបុរាណ ចាប់ពីការកំណត់គោលដៅ និងការពិនិត្យថ្នាំ រហូតដល់ការសាកល្បងព្យាបាល និងការអនុម័តបទប្បញ្ញត្តិ គឺចំណាយប្រាក់ច្រើន ថែមទាំងចំណាយពេលវេលាច្រើនទៀតផង។ 
ដូច្នេះហើយមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ Zhejiang ប្រទេសចិន ក៏បានប្រើក្បួនដោះស្រាយ AI ដើម្បីបង្កើតឱសថថ្មីសម្រាប់ព្យាបាលរោគសញ្ញាហ្សែនដ៏កម្រនៃភាពចាស់មុនអាយុរបស់កុមារ។ ខណៈបច្ចុប្បន្នអ្នកស្រាវជ្រាវបានទទួលលទ្ធផលលេចធ្លោមួយហើយ ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ មុនពេលសាកល្បងព្យាបាលជំងឺនេះនាពេលខាងមុខ។
.png)
អ្នកស្រី Shen Ning អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍បាននិយាយថា “គម្រោងរបស់យើងបានដំណើរការអស់រយៈពេលប្រហែល ៣ ឆ្នាំ ជាមួយនឹង ៩០% នៃពេលវេលាដែលបានចំណាយយ៉ាងពិតប្រាកដលើការពិសោធន៍មុនគ្លីនិក។ ការអនុវត្តគំរូ AI ដ៏ធំឥឡូវនេះកំពុងជួយផ្លាស់ប្តូរដំណើរការ ធ្វើឱ្យរលូនជាងមុន កាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលាជាដើម។
អ្នកស្រី Shen Ning បន្ថែមទៀតថា “ជាមួយនឹងការពិនិត្យទ្រង់ទ្រាយធំបែបប្រពៃណី ការអភិវឌ្ឍន៍ថ្នាំម៉ូលេគុលតូចជាធម្មតាត្រូវចំណាយពេលពី ១៥ ទៅ ២០ ឆ្នាំ ជាមួយនឹងអត្រាបរាជ័យខ្ពស់ណាស់ ប៉ុន្តែឥឡូវនេះដោយមានជំនួយពី AI algorithms វដ្តនៃការអភិវឌ្ឍន៍ថ្នាំអាចមានរយៈពេលខ្លីត្រឹមតែ ៣ ទៅ ៥ ឆ្នាំប៉ុណ្ណោះ”។
នៅឆ្នាំ ២០២១ មន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រព័ន្ធ និងការវិនិច្ឆ័យច្បាស់លាស់បានបង្កើតក្រុមពហុជំនាញ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជីវវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថិតិ។ ចាប់តាំងពីពេលនោះមក ក្រុមការងារបានបង្កើតក្បួនដោះស្រាយ AI សិក្សាស៊ីជម្រៅជាច្រើន ដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលនៃជំងឺកម្រ និងហ្សែន។ អ្នកស្រាវជ្រាវសង្ឃឹមថាជាមួយនឹងឧបករណ៍ AI ពួកគេអាចផ្តល់នូវផែនការព្យាបាលផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់អ្នកជំងឺម្នាក់ៗក្នុងការពន្យាអាយុជីវិត៕










