ចាប់តាំងពីមហាជនអ្នកស្រលាញ់សត្វចិញ្ចឹមចេញមុខប្រតិកម្មការថតរបស់ ផលិតកម្ម LD ត្រង់ឈុតសត្វឆ្មាមកទល់ពេលនេះនៅមិនទាន់បានបង្ហាញថាសត្វឆ្មានោះទៅជាយ៉ាងណាទៅហើយខណៈទស្សនិកជនមួយចំនួននៅតែទទូចឱ្យលោក លៀក លីដា ចាងហ្វាងផលិតកម្មបង្ហាញសត្វឆ្មានោះនៅរស់ដើម្បីស្រាយមន្ទិលមហាជន។
ខ្សែភាពយន្ត «១៤ កុម្ភៈ» ដែលចាក់បញ្ចាំងក្នុងរោងកុនក្រោមការផលិតរបស់ LD បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនប៉ុន្តែមិនមែនជាផលល្អព្រោះតែរងនូវការរិះគន់ខឹងសម្បារពីទស្សនិកជនជាអ្នកស្រលាញ់សត្វ។ បន្ទាប់ពីមានឈុតឆាកសត្វឆ្មាដេកស្តូកស្តឹងទស្សនិកជនជាច្រើនបង្ហាញការខឹងសម្បារនិងមានទាំងការខម្មិនពហិការឿងមួយនេះទៀតព្រមទាំងបោះសម្តីធ្ងន់ថាដើម្បីអាជីវកម្មខ្លួនយកផលប្រយោជន៍ពីសត្វ។

ជុំវិញការប្រតិកម្មរបស់មហាជន ផលិតកម្ម LD ក៏បានបញ្ជាក់ថា «សម្រាប់ការថតឆ្មានេះគ្រាន់តែជាបច្ចេកទេសក្នុងការថតនិងការឱ្យឆ្មាដេក មិនបានធ្វើការសំ.លាប់ឆ្មានោះទេ ហើយនៅក្នុងរឿងក៏អត់មានសកម្មភាពសំ.លាប់ឬប្រើហិស្សាលើសត្វដែរ។ ទោះបីជាមានការបញ្ជាក់យ៉ាងដូច្នេះក្តីអ្នកមួយចំនួននៅតែទាមទារឱ្យខាងផលិតកម្មបង្ហាញពីសភាពសត្វឆ្មានោះដើម្បីស្រាយបញ្ជាក់ថា សត្វឆ្មា នៅមានជីវិត។

មកទល់នឹងចុងខែកុម្ភៈ នេះខាងផលិតកម្ម LD ពុំទាន់បានបង្ហាញពីសត្វឆ្មានោះនៅឡើយខណៈគេសង្កេតឃើញថា អ្នកមួយចំនួនបានទទូច ព្រមទាំងបានចូលទៅខម្មិនលើការបង្ហោះរបស់លោក លៀក លីដា ជាចាងហ្វាងផលិតកម្មបង្ហាញពីសត្វឆ្មានោះ។ 
នៅថ្ងៃទី២៤ កុម្ភៈ លោក លៀក លីដា បានបង្ហោះរូបភាពមួយសន្លឹក ខណៈអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «ជីវិតសត្វឆ្មា ពេលណា លោកពូបង្ហាញវាឱ្យឃើញ? ខ្ញុំចាំទទួលវាយកមកចិញ្ចឹម ខ្ញុំសរសើរលោកពូ ចេះរស់នៅសុខដែរ ឃោរឃៅដាក់ជីវិតគេយ៉ាងនឹងហើយ, ឈប់គាំទ្រផលិតកម្ម បើឃោរឃៅបែបនេះ , ជីវិតឆ្មា???? កុំធ្វើមិនដឹងមិនឮ, ឆ្មានៅឯណា?»៕










