សហរដ្ឋអាមេរិក ៖ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់ គឺគ្រាន់តែយកមកលាបពីលើស្បែកប៉ុណ្ណោះ វានឹងមានប្រសិទ្ធភាពជាងការចាក់ប្រើប្រាស់ម្ជុល ក្រោយពីក្រុមអ្នកជំនាញសាកល្បងវ៉ាក់សាំងជាមួយសត្វកណ្តុរ ។ ជំហ៊ានបន្ទាប់ នឹងសាកល្បងវ៉ាក់សាំងជាមួយស្វា មុនពេលសាកល្បងជាមួយមនុស្ស ។
វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់របស់មនុស្សសម្រាប់ប្រឆាំងនឹងជំងឺផ្សេងៗ ប៉ុន្តែត្រូវប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងចូលរាងកាយ ហើយវានឹងមានផលប៉ះពាល់សុខភាពយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនបដិសេធពុំចាក់វ៉ាក់សាំង ជាពិសេស អ្នកខ្លាចម្ជុល ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញបាក់តេរីម្យ៉ាងនៅលើស្បែក ដែលអាចជួយការពារប្រព័ន្ធរាងកាយ ។ ដូច្នេះ ក្រុមអ្នកជំនាញក៏បានកែប្រែហ្សែនទៅជាវ៉ាក់សាំងសម្រាប់លាបលើស្បែក (ស្រដៀងនឹងឡេ) ហើយពេលលាបលើស្បែករួច វានឹងមានប្រសិទ្ធភាពជាងការចាក់ដោយម្ជុល ។.jpg)
បាក់តេរី Staphylococcus Epidermidis អាចរស់នៅលើរន្ធស្បែករបស់មនុស្ស ព្រមទាំងប្រឆាំងការឆ្លងជំងឺគ្រុនផ្តាសាយ ។ ក្រុមអ្នកជំនាញបានយកបាក់តេរីនេះលាបពីលើក្បាលកណ្តុរ រយៈពេល៦សប្តាហ៍ក្រោយមក គឺអង់ទីគ័ររបស់កណ្តុរកើនឡើងខ្ពស់ជាងការចាក់វ៉ាក់សាំង ខណៈការសាកល្បងដោយប្រើឈាមមនុស្ស ក៏បង្ហាញលទ្ធផលស្រដៀងគ្នាដែរ ។
បាក់តេរីនេះមានប្រូតេអ៊ីនហៅថា Aap ដែលទទួលបំណែកប្រូតេអ៊ីនពីក្រៅរាងកាយផ្តល់មកឱ្យប្រព័ន្ធការពាររាងកាយ និងជំរុញឱ្យអង់ទីករ IgG និ JgA កើនឡើង ។ ក្រុមអ្នកស្រាវជ្រាវបានយកវាមកផលិតជាវ៉ាក់សាំងសម្រាប់លាបកណ្តុរ ដោយកណ្ដុរអាចផលិតអង់ទីគ័រការពារតេតាណូសកម្រិតខ្ពស់ និងរួចផុតពីសេចក្តីស្លាប់ ក្រោយការចាក់ថ្នាំពុលតេតាណូសកម្រិតខ្លាំង ។ បន្ទាប់មក ក្រុមអ្នកជំនាញបានសាកល្បងលើជំងឺខាន់ស្លាក់ឃើញថា ក្រោយពីលាបវ៉ាក់សាំងនេះរួច គឺកណ្តុរអាចផលិតអង់ទីគ័រការពារជំងឺខាន់ស្លាក់យ៉ាងច្រើន ។
ជំហ៊ានបន្ទាប់ ក្រុមអ្នកជំនាញនឹងសាកល្បងវ៉ាក់សាំងជាមួយស្វា បើជោគជ័យ ពួកគេនឹងសាកល្បងជាមួយមនុស្សបន្តទៀត ។ ក្រុមអ្នកជំនាញរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពខ្ពស់អាចការពារជំងឺផ្សេងៗ និងគ្មានផលប៉ះពាល់សុខភាព ដូចការចាក់វ៉ាក់សាំងប្រើប្រាស់ម្ជុល ៕










