Lisa សមាជិកក្រុម BLACKPINK កំពុងរៀបចំសម្រាប់ការចេញអាល់ប៊ុមទោលរបស់នាង «Alter Ego» នៅចុងខែកុម្ភៈ ប៉ុន្តែអ្នកគាំទ្រក៏ដូចជាសាមីខ្លួនផ្ទាល់មានការភ្ញាក់ផ្អើលនិងតក់ស្លុតនៅពេលដែលដឹងថាអាល់ប៊ុមនេះត្រូវបានបែកធ្លាយតាមអ៊ីនធឺណិតមុនកាលវិភាគ។
កាលពីថ្ងៃទី ២៥ ខែកុម្ភៈ Lisa បាន Live ជជែកជាមួយនឹងអ្នកគាំទ្រ និងនិយាយលេងសើចខ្លះអំពីអាល់ប៊ុម «Alter Ego» ។ យ៉ាងណាមិញ នាងបានហាក់មានការភ្ញាក់ផ្អើលពេលបានអានការខម្មិនដែលលើកឡើងពីការបែកធ្លាយនោះ។ Lisa បង្ហាញការភ្ញាក់ផ្អើល ដោយបាននិយាយសង្កត់សំឡេងថា «វាបែកធ្លាយមែនទេ? អ្វី?»។ នាងមើលទៅហាក់មានការសោកស្តាយ និងខកចិត្ត ខណៈដែលនាងបែរទៅរកមិត្តភក្តិរបស់នាង Alice ហាក់ដូចជាមិនបានដឹងពីស្ថានភាពដើម្បីដោះស្រាយវានៅពេលក្រោយ។
ជាមួយគ្នានេះ Lisa ក៏បាននិយាយដែរថាអាល់ប៊ុមដែលត្រៀមទម្លាក់នៅថ្ងៃទី២៨ កុម្ភៈ គឺនាងបានចំណាយពេលជាង១ឆ្នាំសម្រាប់ការរៀបចំ ជាហេតុធ្វើឱ្យហ្វេនៗមានការអាណិត Lisa យ៉ាងខ្លាំង។
អាល់ប៊ុមដែលមានចំណងជើងថា «Alter Ego» មានបទចម្រៀងចំនួន ១៥ បទ រួមទាំងការសហការជាមួយតារាអន្តរជាតិដូចជា Megan Thee Stallion, Future, Tyla, Rosalía, Doja Cat និង RAYE ។ បទចម្រៀងដែលបានចេញផ្សាយពីមុនពីអាល់ប៊ុមរួមមាន Rockstar, New Woman ជាមួយ Rosalía, Moonlit Floor និង Born Again ជាមួយ RAYE និង Doja Cat។ នៅក្នុងការ Live នេះ Lisa ក៏បានបង្ហាញ lightstick ផ្លូវការ ផ្ទាល់ខ្លួនរបស់នាងទៅកាន់អ្នកគាំទ្រផងដែរ៕










