គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង នៃក្រសួងយុត្តិធម៌ បាប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើស ជិត៥ពាន់គ្រឿង ដោយសាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរី។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ម៉ូតូទាំងអស់មានចំនួន ៤,៥៤៤គ្រឿង ក្នុងនោះមាន ៤ ០៧៦គ្រឿង នៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានតម្លៃមូលដ្ឋានជាសរុប ១២២,២៨០ ដុល្លារ ចំណែកឯ ៤៦៨គ្រឿងទៀត នៅសាលាដំបូងខេត្តព្រះសីហនុ មានតម្លៃ មូលដ្ឋាន ១៤,០៤០ ដុល្លារ។
សាធារណជន អាចចូលរួមដេញថ្លៃបានដោយត្រូវបំពេញសំណុំបែបបទនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹកដល់ម៉ោង ១២:០០ នាទី និង ថ្ងៃត្រង់ ចាប់ពីម៉ោង ០២:០០ នាទីរសៀលដល់ម៉ោង ០៥:០០ នាទីល្ងាច។
ការដេញថ្លៃនេះ នឹងផុតកំណត់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:០0 នាទីព្រឹក។
ចំពោះថវិកាដែលទទួលបាន ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយរក្សាទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌៕










