ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសកំណត់យកទីតាំងជាង ២០កន្លែង ហាមមិនឱ្យមានការបង្ហោះដ្រូនជាដាច់ខាត។

បើតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកំណត់មិនឱ្យបង្ហោះដ្រូនកាត់ជាដាច់ខាត តាមទីតាំងទាំងដូចខាងក្រោម៖

• ព្រះបរមរាជវាំង
• ស្ថាប័នរដ្ឋ
• មន្ទីរពេទ្យ សាលារៀន និងផ្សារ
• ពហុកីឡដ្ឋាន
• តំបន់រមណីដ្ឋានអង្គរ និងបរិវេណប្រាសាទ
• លំនៅដ្ឋានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី
• និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និងអង្គការអន្តរជាតិ
• មូលដ្ឋានយោធា និងមូលដ្ឋាននគរបាលជាតិ
• ទីតាំង ឬឃ្លាំង ស្តុកសារធាតុងាយឆេះ ឬងាយផ្ទុះឆេះ
• ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រចម្រាញ់ប្រេង ឧស្ម័ន រ៉ែ រោងចក្រអគ្គិសនី និងអនុស្ថានីយ ត្រូវបានហាមមិនឱ្យបង្ហោះដ្រូន លុះត្រាតែមានការអនុញ្ញាតពីស្ថាប័នសាមី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកកាន់កាប់ដ្រូនប្រភេទនេះ មិនត្រូវបង្ហោះលើសកម្ពស់មិនឱ្យលើសពី៩០ម៉ែត្រ ពីរបងអាកាសយានដ្ឋានស៊ីវិល និងអាកាសយានដ្ឋានយោធា លើកលែងតែមានការអនុញ្ញាតពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ចំពោះការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ដ្រូន ដែលផ្ទុកទម្ងន់ចាប់ពី ២គីឡូក្រាមឡើងទៅ ក្នុងវិស័យកសិកម្ម មន្ទីរកសិកម្មជាអ្នកទទួលខុសត្រូវ៕