កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋខ្មែរមួយក្រុមបានមកលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរដែលឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានកងទ័ពថៃហាមឃាត់ ហើយអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ ។

លើសពីនេះ កងទ័ពថៃថែមទាំងហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំជាលើកទី២ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទនងល្អ និងស្ថិតភាពនៅតំបន់ព្រំដែន ។ ការច្រៀងចម្រៀងជាតិរបស់ពលរដ្ឋខ្មែរធ្វើឱ្យកងទ័ព និងពលរដ្ឋថៃពុំពេញចិត្តយ៉ាងខ្លាំង ហើយពួកគេតវ៉ាថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ពលរដ្ឋខ្មែរគ្មានសិទ្ធិច្រៀងចម្រៀងជាតិទេ គឺមានសិទ្ធិត្រឹមតែមកដើរលេងទស្សនាប្រាសាទ និងថ្វាយបង្គំវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ។
ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ មហាជនខ្មែរបានកោតសរសើរយ៉ាងខ្លាំងក្នុងបណ្តាញសង្គមចំពោះភាពក្លាហានរបស់មេទ័ព និងកងទ័ពខ្មែរទាំងអស់ដែលឈរជើងនៅប្រាសាទតាមាន់ធំ ។

តាមហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងលើជួរភ្នំដងរែក និងត្រួតពិនិត្យសមិទ្ធផលតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ឯកឧត្តមបានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។.jpg)
ឯកឧត្ដមក៏បានកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញត្រួតពិនិត្យសមិទ្ធផលនានា ជាពិសេស អាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់សម្រាប់ឱ្យកងកម្លាំង និងពលរដ្ឋនៅទីនោះប្រើប្រាស់ ។
ឯកឧត្តមមានប្រសាសន៍ថា នៅតំបន់ប្រាសាទតាមាន់ មានសភាពការណ៍ប្រក្រតីជាធម្មតា សូមអញ្ជើញបងប្អូនមកទស្សនាជាក់ស្តែងប្រាសាទបុរាណកេរ្តិ៍តំណែលដូនតាយើង ។

នេះមិនមែនជាលើកទីមួយទេ ដែលឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនៅតាមបណ្ដោយព្រំដែន កន្លងមក ឯកឧត្ដមតែងតែចុះសួរសុខទុក្ខជាញឹកញាប់ជាមួយកងកម្លាំង ដើម្បីផ្សារភ្ជាប់នូវក្ដីនឹករលឹក ព្រមទាំងគាំទ្ររវាងសមរភូមិមុខ និងសមរភូមិក្រោយ ៕










