បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញដំរួយក្នុងការវិលត្រឡប់មកវិស័យបវរកញ្ញាដែលអាចនឹងជាកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ រូបនាងត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួន។ ទោះយ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញថាក្នុងដំណើរផ្លូវមួយនេះតែងតែមានអ្នកស្រលាញ់និងមិនស្រលាញ់ប៉ុន្តែនាងជ្រើសយកផ្លូវថាមពលវិជ្ជមានពីអ្នកគាំទ្រវិញ។

នៅថ្ងៃទី១៨ នេះ នៅលើផេក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយខ្លឹមសារថា «ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងតែដើរតាមក្តីស្រមៃខ្លួនឯង អ្នកត្រូវចាំថាក្នុងពេលដែលអ្នកដើរមិនទាន់ដល់គោលដៅ តែងតែមានមនុស្សពីរប្រភេទនេះនឹងចាំមើល អ្នកជានិច្ច [អ្នកចាំសើចអ្នក និង អ្នកដែលស្រលាញ់អ្នក] ហើយវាមិនសំខាន់ថាខាងណាច្រើនជាងខាងណាទេ តែវាសំខាន់ត្រង់ថាតើអ្នកនឹងរើសមើលមួយណាសំខាន់ជាង»។ នាងបានបន្ថែមឃ្លាជាភាសាអង់គ្លេសដែលមានអត្ថន័យថា សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសផ្តោតលើការគាំទ្រជាវិជ្ជមាន – ពួកគេគឺជាថាមពលដ៏ល្អបំផុតរបស់ខ្ញុំ»។
ក្នុងវីដេអូដែលបង្ហាញរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានផេកមួយឈ្មោះថា «Sash Factor » បានបង្ហាញរូបភាពនាងនិងខ្លឹមសារដែលបានចែករំលែកក្នុងដំណើរឆ្ពោះទៅកម្មវិធី Miss Universe Cambodia 2025 ដោយមានទាំងអ្នកចុចឱ្យបេះដូង និងចុច React សើច។ អ្នកគាំទ្រវិស័យបវរកញ្ញាបានសង្កេតឃើញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជារឿយៗបានចែករំលែកនូវអ្វីដែលមានការលើកឡើងពីនាងក្នុងដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ប៉ុន្តែនៅពេលនេះនៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។
ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់បានបង្ហើបថានាងនឹងចូលប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាងត្រូវបានហ្វេនៗជំរុញចិត្តឱ្យចូលប្រកួតកម្មវិធី Miss Universe ខណៈនាងតបថា ពង្រឹងសមត្ថភាពសិន។ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាខ្មែរមួយរូបដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសបន្ទាប់ពីជាប់លំដាប់រងទី៥ Miss Grand International 2022 ៕










