ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងពុំទទួលយកកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអ៊ុយក្រែនពុំបានចូលរួមចរចាទេ ។ រីឯមន្ត្រីសហភាពអឺរ៉ុបឱ្យដឹងថា មេដឹកនាំអាមេរិក និងរុស្ស៊ី ពុំគួរធ្វើកិច្ចព្រមព្រៀងនៅពីក្រោយខ្នងអ៊ុយក្រែន និងសហភាពអឺរ៉ុប ។.png)
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្នុងពេលលោកធ្វើដំណើរទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងលិចប្រទេសថា អ៊ុយក្រែននឹងពុំទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពធ្វើឡើងរវាងអាមេរិក និងរុស្ស៊ី ដែលទីក្រុងកៀវ ពុំបានចូលរួម ។ លោកថា ៖ «ក្នុងនាមជាប្រទេសឯករាជ្យ យើងពុំអាចទទួលស្គាល់កិច្ចព្រមព្រៀងណាមួយដែលយើងពុំបានចូលរួមឡើយ ។ ខ្ញុំសូមនិយាយយ៉ាងច្បាស់លាស់ចំពោះរឿងនេះ គឺខ្ញុំពុំទទួលស្គាល់ការចរចាទ្វេភាគីដែលពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន» ។
លោក Zelenskyy បាននិយាយបែបនេះរយៈពេល១ថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ។ បន្ទាប់មក លោក Trump ក៏សរសេរក្នុងបណ្តាញសង្គម Truth Social ថា ការចរចាបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន នឹងធ្វើឡើងនាពេលឆាប់ៗ ។

ដោយឡែក លោកស្រី Kaja Kallas ប្រធាននាយកដ្ឋានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានប្រកាសថា សហភាពអឺរ៉ុបនឹងគាំទ្រអ៊ុយក្រែន បើអ៊ុយក្រែនបដិសេធកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនពុំបានចូលរួម ។ ការធ្វើកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័សនោះ គឺជាកិច្ចព្រមព្រៀងកខ្វក់ ។
.png)
លោកស្រីបន្តថា សហភាពអឺរ៉ុប និងអ៊ុយក្រែន ត្រូវតែចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងសន្តិភាព បើចង់ឱ្យកិច្ចព្រមព្រៀងនេះទទួលបានលទ្ធផលល្អ ។ មេដឹកនាំអាមេរិក និងរុស្ស៊ី ពុំគួរចរចាបញ្ចប់សង្គ្រាមនៅពីក្រោយខ្នងអ៊ុយក្រែន និងសហភាពអឺរ៉ុបទេ ។
បច្ចុប្បន្ន រុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែន ប្រមាណ១ផ្នែក ក្នុងចំណោម៥ផ្នែក ហើយរុស្ស៊ីអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងកៀវ យល់ព្រមប្រគល់ទឹកដីបន្ថែមទៀតឱ្យខ្លួនច ។ រីឯអ៊ុយក្រែនស្នើឱ្យរុស្ស៊ីដកកម្លាំងទ័ពចេញពីទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ ហើយអ៊ុយក្រែនត្រូវតែក្លាយជាសមាជិកអង្គការណាតូ ដើម្បីការពារកុំឱ្យរដ្ឋាភិបាលទីក្រុងមូស្គូ វាយលុកអ៊ុយក្រែន ៕










