នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសកម្ចាត់ចោលអ្នកណាក៏ដោយ ដែលមានបំណងចង់សម្លាប់សម្ដេច និងគ្រួសារសម្ដេច ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានបង្ហោះខ្លឹមសារអមជាមួយ សារសំឡេងចំនួន២ឃ្លីបរបស់ក្រុមភេវរករ ដែលមានគម្រោងរៀបចំសម្លាប់សម្តេច តាមរយៈយន្តហោះដ្រូន ។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖”យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញ នៅពេលនេះទេ ព្រោះយើងត្រូវកម្ចាត់ពួកជ្រុលនិយម និងហិង្សានិយមឱ្យអស់សិន ។ តើប្រទេសដែលអួតខ្លួនថា ប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឱ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ”។
សម្តេចតេជោ ចាត់ទុកទង្វើភេវរកម្ម ដែលមានផែនការធ្វើឃាតសម្តេច គឺជាកិច្ចការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ ដែលចាំបាច់ត្រូវតែកម្ទេចចោលឱ្យអស់។
ការប្រកាសរបស់សម្ដេចតេជោ បន្ទាប់ពីមានក្រុមឧទ្ទាមនិយមបានរៀបចំគម្រោងសម្លាប់សម្ដេច ដោយប្រើយន្តហោះគ្មានមនុស្សបើកបរ នៅភូមិគ្រឹះសម្តេចនៅក្រុងតាខ្មៅ៕










