លោក Wang Xiaofei និងអ្នកស្រី Zhang Lan ដែលជាអតីតសាច់ញាតិរបស់តារាសម្តែង Barbie Hsu ឬ សាន់ឆាយ ត្រូវបានហាមឃាត់ពីវេទិកា Douyin សម្រាប់ «ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងបំពានក្រមសីលធម៌»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina កាលពីថ្ងៃទី ៨ ខែកុម្ភៈ មជ្ឈមណ្ឌលសុវត្ថិភាព Douyin (កំណែក្នុងស្រុករបស់ប្រទេសចិននៃ TikTok) បានបង្ហោះការជូនដំណឹងអំពីការបិទគណនីរបស់ Wang Xiaofei, Zhang Lan និងមនុស្សពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសនោះ បន្ទាប់ពីតារាសម្ដែង សាន់ឆាយ បានទទួលមរណភាព ទស្សនិកជនជាច្រើនបានចូលរួមរំលែកទុក្ខ និងជូនពរអ្នកស្លាប់បានទៅកាន់សុគតិភព ប៉ុន្តែមានមហាជនមួយចំនួនចាប់អារម្មណ៍ដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាមខុសឆ្គង ប៉ះពាល់ដល់សីលធម៌ និងសតិសម្បជញ្ញៈរបស់មនុស្ស និងមើលងាយចំពោះអ្នកស្លាប់ និងក្រុមគ្រួសារនៃសព។

គណនីរបស់អ្នកស្រី Zhang Lan និងអ្នកជំនួញ Wang Xiaofei ត្រូវបានហាមឃាត់ដោយគ្មានកំណត់ពីបទ «បង្កបញ្ហាបន្ទាប់ពីការស្លាប់របស់អ្នកដទៃ និងការបង្ហោះវីដេអូមិនពិត»។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាព គណនីទាំងពីរនេះបានបង្ហោះម្តងហើយម្តងទៀតនូវខ្លឹមសារមិនពិត និងត្រូវបានផាកពិន័យ ប៉ុន្តែមិនបានកែកំហុសរបស់ពួកគេ។
គណនីមួយទៀតដែលជឿថាជាកូនចិញ្ចឹមរបស់អ្នកស្រី Zhang Lan ក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ហេតុផលដូចគ្នា។ កូនចិញ្ចឹមអ្នកស្រី ធ្លាប់បានបង្កការភ្ញាក់ផ្អើលពេល បានធ្វើវីដេអូមួយដែលមានខ្លឹមសារថា «គ្រួសារ Wang Xiaofei បានចំណាយលើថ្លៃជួលយន្តហោះឯកជនដើម្បីយកធាតុរបស់ សាន់ឆាយ ត្រឡប់ទៅតៃវ៉ាន់»។ បន្ទាប់មកអ្នកស្រី Zhang Lan ចុច Like និងណែនាំវីដេអូនេះ។ បន្ទាប់ពីហាមឃាត់នៅលើបណ្តាញសង្គមអ្នកស្រីបាននិយាយថាខ្លួនមិនទទួលយកការដាក់ទណ្ឌកម្មនេះទេ។ អ្នកស្រីបាននិយាយថា គណនីនោះ មិនមែនជាកូនចិញ្ចឹម ឬបុគ្គលិករបស់ខ្លួនទេប៉ុន្តែគ្រាន់តែជាអ្នកគាំទ្រអ្នកស្រី និងក្រុមហ៊ុនប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចោទប្រកាន់ថាបានបញ្ជូនអ្នកណាម្នាក់ទៅផ្សព្វផ្សាយព័ត៌មានថា «ជួលយន្តហោះឯកជនមកមើលបុណ្យសពសាន់ឆាយ»។
អតីតម្តាយក្មេក សាន់ឆាយ បាននិយាយថាបន្ទាប់ពីអតីតកូនប្រសាររបស់ខ្លួនបានទទួលមរណភាព អ្នកស្រីបានបញ្ឈប់ការផ្សាយផ្ទាល់រយៈពេល ៦ ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារអតីតកូនប្រសាស្រី ខណៈដែល Wang Xiaofei មិនដែលផ្សាយផ្ទាល់ទេ។ អាជីវកររូបនេះបាននិយាយថា៖ «អ្វីដែលយើងធ្វើគឺយើងធ្វើដោយអស់ពីចិត្ត។ អ្នកស្រីបាននិយាយថា ការបិទគណនីនេះបានប៉ះពាល់ដល់ក្រុមហ៊ុន និងនិយោជិត ធ្វើឱ្យពួកគេព្រួយបារម្ភ ហើយក៏បានបង្កជាឧបសគ្គធំដល់ការទទួលបានការថែទាំចៅរបស់យើង»។
យោងតាមកាសែត Liberty Times របស់តៃវ៉ាន់កាលពីថ្ងៃទី៦ ខែកុម្ភៈ បានឱ្យដឹងថា អ្នកស្រី Zhang Lan ដែលជាម្តាយចិញ្ចឹមរបស់ Wang Xiaofei អតីតស្វាមី Barbie Hsu ឬសាន់ឆាយ បានធ្វើការផ្សាយផ្ទាល់លក់ទំនិញ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការ Live នេះបានទាក់ទាញអ្នកទស្សនាជាង ៩.៣ លាននាក់ ដោយរកចំណូលបានជាង ១ លានយន់ប្រហែល ១៥ម៉ឺនដុល្លារក្នុងការលក់។ មនុស្សជាច្រើនបានរិះគន់អ្នកស្រី ហាក់ដូចជាចំណេញពីព័ត៌មានសោកនាដកម្ម ដោយចោទសួរអំពីសីលធម៌របស់អ្នកស្រី៕