អំបិលពុំមែនផ្តល់ប្រយោជន៍តែក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបស់សំខាន់តាមក្បួនហុងស៊ុយផងដែរ ពីព្រោះគេជឿថា អំបិលមានថាមពលពិសេសអាចកម្ចា.ត់ ហេតុការណ៍មិនល្អ លាងជម្រះអំពើអាក្រក់ ព្រមទាំងហៅទ្រព្យសម្បត្តិ ឬសំណាងល្អចូលផ្ទះ ។ ហេតុនេះ យើងតែងឃើញការដាក់អំបិលតាមចំណុចផ្សេងៗក្នុងផ្ទះពេលដើមឆ្នាំ ដើម្បីនាំមកនូវសិរីសួស្តី លាភសំណាង និងសេចក្តីសុខពេញមួយឆ្នាំ ។

តើគួរដាក់អំបិលនៅកន្លែងណាខ្លះ?
១-កន្លែងបង្កើនទ្រព្យសម្បត្តិ ៖ តាមក្បួនហុងស៊ុយ កន្លែងបង្កើនទ្រព្យសម្បត្តិក្នុងផ្ទះ គឺស្ថិតនៅទិសអាគ្នេយ៍ ។ ការដាក់ចានអំបិលនៅទិសនេះ នឹងជួយជំរុញថាមពលប្រាក់កាស ព្រមទាំងនាំមកនូវឱកាសអាជីវកម្ម និងភាពរុងរឿង ។
២-បន្ទប់ទទួលភ្ញៀវ ៖ ជាបន្ទប់ប្រមូលផ្តុំថាមពលរបស់សមាជិកគ្រួសារ ហើយការដាក់អំបិលក្នុងបន្ទប់នេះ នឹងជួយការពារថាមពលអាក្រក់ និងរក្សាទុកថាមពលល្អក្នុងផ្ទះ ។
៣-ជិតច្រកចូលផ្ទះ ឬបរិវេណមុខផ្ទះ ៖ ដាក់ចានអំបិលក្បែរទ្វារខាងមុខផ្ទះដែលជាច្រកចេញ-ចូលសំខាន់ ដើម្បីជួយការពាររឿងរ៉ាវមិនល្អ និងហៅលាភសំណាង ឬភាពរុងរឿងចូលផ្ទះ ។
៤-ក្រោមគ្រែ ៖ តាមជំនឿហុងស៊ុយ ការដាក់អំបិលជាមួយក្រូចឆ្មារនៅក្រោមគ្រែសម្រាក វានឹងជួយការពារវិញ្ញាណអាក្រក់ និងបង្កើនលាភ ។ ក្រោយដាក់អំបិលបាន១យប់ ត្រូវយកអំបិល និងក្រូចឆ្មារបោះចោលពេលព្រឹក ប៉ុន្តែកុំយកដៃចាប់អំបិល និងក្រូចឆ្មារក្នុងចានដាច់ខាត ។
*ចំណុចគួរប្រុងប្រយ័ត្ន ៖
-ហាមដាក់អំបិលនៅកន្លែងសើម ឬកន្លែងកខ្វក់ ពីព្រោះនឹងធ្វើឱ្យអំបិលបាត់បង់ប្រសិទ្ធភាព និងប៉ះពាល់ហុងស៊ុយ
-គួរផ្លាស់ប្តូរចានអំបិលជារៀងរាល់ខែដើម្បីរក្សាថាមពលអំបិល និងថាមពលហុងស៊ុយ
-វេចខ្ចប់ចានអំបិលឱ្យជិតមុនពេលបោះចោល និងពុំគួរយកចានអំបិលចាស់មកប្រើប្រាស់ឡើងវិញ ។
សរុបមក ការដាក់អំបិលនៅកន្លែងផ្សេងៗ មិនត្រឹមតែជួយហៅទ្រព្យសម្បត្តិ និងលាភសំណាងមកឱ្យសមាជិកក្នុងផ្ទះតាមក្បួនហុងស៊ុយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជួយបណ្តេញរឿងរ៉ាវអាក្រក់ និងការពារវិញ្ញាណព្រាយបិសាចដែលមកយាយី ។ ក្រៅពីនេះ ការដាក់អំបិលក្នុងផ្ទះ ក៏អាចជួយបំបាត់ក្លិនស្អុយ និងបណ្តេញសត្វល្អិតផងដែរ ៕










