សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ តែដល់ឆ្នាំ២០០៧ ក្រុមស្រាវជ្រាវ បានរកឃើញវត្តមានរបស់វាឡើងវិញម្តុំដងទន្លេមេគង្គ ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ ខណៈនាដើមឆ្នាំ ២០២៥ នេះ ក៏ប្រទះឃើញពួកវាចំនួនពីរសម្បុកបន្ថែមទៀត និងជាការអបអរសាទរ។
នាថ្ងៃទី ២៧ ខែមករា ឆ្នំាំ ២០២៥នេះ អង្គការ WCSកម្ពុជា បានគូសបញ្ជាក់ថា ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ក្រុមការងាររំពឹងថានឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥នេះដែលចាប់ផ្តើមពីខែមករារហូតដល់ខែឧសភា។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក ដែលមានពងសរុបចំនួន៧ ២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារបានកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយក្បាលកង្កែបនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ។
តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕