សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា CocaCola គឺជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោករបស់អាមេរិក បានប្រកាសប្រមូលភេសជ្ជៈនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដូចជា ៖ បែលហ្សិក លុចសំបួរ អង់គ្លេស និងហូឡង់ ក្រោយរកឃើញសារធាតុក្លរ (Chlorate) ខ្ពស់ក្នុងភេសជ្ជៈ CocaCola, Fanta និង Sprite ។
អ្នកនាំពាក្យក្រុមហ៊ុន CocaCola អះអាងថា អ្នកជំនាញបានរកឃើញសារធាតុក្លរខ្ពស់ក្នុងរោងចក្រផលិតភេសជ្ជៈរបស់ក្រុមហ៊ុននៅទីក្រុង Ghent ប្រទេសបែលហ្សិក ប៉ុន្តែតាមការវិភាគរបស់អ្នកជំនាញឯករាជ្យ គឺសារធាតុក្លរក្នុងភេសជ្ជៈទាំងនេះ មានផលប៉ះពាល់សុខភាពកម្រិតទាប ។ ប៉ុន្តែការផឹកភេសជ្ជៈច្រើន វានឹងបង្កជាសារធាតុក្លរខ្ពស់ ហើយប៉ះពាល់សុខភាព ដូចជា ៖ មានបញ្ហាក្រពេញទីរ៉ូអ៊ីត ជាពិសេស កុមារ និងទារក ។
.png)
ក្រុមហ៊ុនពុំបានទទួលព័ត៌មានពីផលប៉ះពាល់សុខភាពដោយសារផឹកភេសជ្ជៈ CocaCola នៅអង់គ្លេសទេ ប៉ុន្តែក្រុមហ៊ុនបានជូនដំណឹងនេះទៅអាជ្ញាធរឱ្យជ្រាបរួចហើយ ដើម្បីសុំការសហការទប់ស្កាត់ភេសជ្ជៈមួយចំនួនរបស់ CocaCola ដែលបញ្ជូនមកលក់នៅអង់គ្លេស កាលពីចុងឆ្នាំ២០២៤ ។ ក្រុមហ៊ុនផ្តល់ភាពសំខាន់លើគុណភាព និងសុវត្ថិភាពរបស់ភេសជ្ជៈខ្លាំងជាងគេ ។.png)
ដោយឡែក លោកស្រី Anne Gravette ភ្នាក់ងារស្តង់ដារចំណីអាហារនិយាយថា អ្នកជំនាញកំពុងតែស្រាវជ្រាវរកសារធាតុគីមីក្នុងភេសជ្ជៈរបស់ក្រុមហ៊ុន CocaCola បើរកឃើញអ្វីប្លែក យើងនឹងប្រមូលពីហាងលក់ដូរ បន្ទាប់មក នឹងផ្តល់ដំណឹងទៅអតិថិជន ។ 
គួរបញ្ជាក់ថា សារធាតុក្លរដែលផ្ទុកក្នុងភេសជ្ជៈទាំងនេះ គឺសម្រាប់ផលិតកាំជ្រួច និងថ្នាំកម្ចាត់សត្វល្អិត ហើយវានឹងធ្វើឱ្យប៉ះពាល់សុខភាព ទោះជាមានបរិមាណតិចក៏ដោយ ។ ផលប៉ះពាល់សុខភាពដោយសារ សារធាតុក្លរ គឺនឹងបណ្តាលឱ្យក្អួតចង្អោរ, រាគរូស និងកាត់បន្ថយការស្រូបអុកស៊ីសែនរបស់ឈាម ៕










