ប្រទេសវៀតណាម ៖ វៀតណាមនឹងក្លាយជាប្រទេសមួយថែរក្សាបរិស្ថានបានល្អ ក្រោយពីសមាជិកសមាគមវិស័យទេសចរណ៍វៀតណាមសន្យាថា នឹងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកក្នុងតំបន់ទេសចរណ៍ ព្រមទាំងកាត់បន្ថយកាកសំណល់ផ្លាស្ទិកចាប់ពីឆ្នាំ២០៣០ តទៅ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
.png)
នាយកសមាគមវិស័យទេសចរណ៍វៀតណាម លោក Vu The Binh និយាយថា បើទោះជាវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងដោយសារសំរាមផ្លាស្ទិកក្តី ប៉ុន្តែការចូលរួមចំណែករបស់ក្រុមហ៊ុនទេសចរណ៍ក្នុងការកាត់បន្ថយសំរាមផ្លាស្ទិក គឺជាគន្លឹះដ៏សំខាន់ដើម្បីសម្រេចគោលដៅកែលម្អបរិស្ថានប្រកបដោយចីរភាព ។
តាំងពីឆ្នាំ២០១៨ សមាគមបានបង្កើតគម្រោងវិស័យទេសចរណ៍រួមគ្នាកាត់បន្ថយសំរាមផ្លាស្ទិក ព្រមទាំងណែនាំក្រុមហ៊ុនទេសចរណ៍ជួយកាត់បន្ថយសំរាមផ្លាស្ទិក ។ ក្រោយការអនុវត្តគម្រោងឃើញថា អាចកាត់បន្ថយសំរាមផ្លាស្ទិកក្នុងសណ្ឋាគារនៅទីក្រុង Hoi An ស្មើ៦៤% ត្រឹមតែរយៈពេល៣ខែ ។ នៅឆ្នាំ២០២៥ សមាជិកសមាគមបានបង្កើនការយល់ដឹងពីបញ្ហាសំរាមផ្លាស្ទិក ខណៈតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និងសណ្ឋាគារទាំងអស់មានគម្រោងឈប់ប្រើផ្លាស្ទិក ។
ចំណែកនាយកសមាគមទេសចរណ៍ខេត្ត Ninh Binh បានលើកឡើងពីភាពជោគជ័យរបស់ខេត្ត ក្នុងការអនុវត្តគម្រោងកាត់បន្ថយសំរាមផ្លាស្ទិកក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យបរិមាណសំរាមផ្លាស្ទិកក្នុងសណ្ឋាគារ, ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍ ធ្លាក់ចុះ២៣%, ១៤% និង២០% ។ ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចំណាយដើមទុនខ្ពស់សម្រាប់បង្កើតផលិតផលពុំប៉ះពាល់បរិស្ថានជំនួសផ្លាស្ទិក, ការអនុវត្តវិធានការកាត់បន្ថយផ្លាស្ទិកពុំស៊ីសង្វាក់គ្នា និងភ្ញៀវទេសចរនៅតែបោះបោលសំរាមផ្លាស្ទិកក្នុងតំបន់ទេសចរណ៍ ។
ហេតុនេះ សមាគមវិស័យទេសចរណ៍វៀតណាមបានលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ដោយសារសំរាមផ្លាស្ទិកដល់ពលរដ្ឋ និងភ្ញៀវទេសចរ រួមទាំងការបង្កើតផលិតផលទេសចរណ៍បៃតង ។ សមាគមបានសំណូមពរឱ្យពលរដ្ឋរួមគ្នាអនុត្តតាមពាក្យមួយឃ្លាថា «ដំណើរកម្សាន្តក្នុងតំបន់ទេសចរណ៍ដោយគ្មានផ្លាស្ទិក» ហើយសមាគមក៏បានលើកទឹកចិត្តក្រុមហ៊ុនទេសចរណ៍ឱ្យថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព ៕










