អ្នកនាង សេង សុខឃីម បានបង្ហោះវីដេអូក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួនអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង នាយ ចឺម។ ការបង្ហាញវីដេអូដែលមានអតីតគូស្នេហ៍នេះ សេង សុខឃីម ត្រូវបានខម្មិនដាក់ថានៅនឹក នាយចឺម ខណៈនាងបានតបថាអ្នកទាំងពីរនៅជួបមុខរាប់អានគ្នាធម្មតាហើយបែកគ្នាយូរហើយទើបនាងបង្ហាញវីដេអូនេះឡើង។
ថ្មីៗនេះ សេង សុខឃីម បានបង្ហោះវីដេអូខ្លីមួយនៅលើហ្វេកប៊ុកក្នុងឱកាសខួបកំណើតកូនប្រុសប៉ុន្តែក្នុងវីដេអូនោះគឺបានបង្ហាញពីតារាចម្រៀង នាយ ចឺម ដែលជាអតីតគូស្នេហ៍នាងដែលបានចែកផ្លូវគ្នាច្រើនឆ្នាំមកហើយ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនអ្នកខ្លះក៏បង្ហាញភាពសោកសៅចំពោះទំនាក់ទំនងអ្នកទាំងពីរដែលបញ្ចប់ខណៈអ្នកមួយចំនួនបានចោទសួរ សេង សុខឃីម ថាតើនាងនៅនឹកនាយចឺមជាសង្សារចាស់ឬយ៉ាងណាទើបបង្ហោះវីដេអូនេះឡើងមក។
ទទួលបានសំណួរថានាងនៅនឹករម្លឹកនាយចឺម សេង សុខឃីម បានឆ្លើយតបនៅក្នុងវីដេអូនោះថា «វីដេអូហ្នឹងគឺវីដេអូ ថ្ងៃកំណើតកូនប្រុសខ្ញុំ វីដេអូហ្នឹងយូរហើយខ្ញុំអត់ហ៊ាន post ទេ ព្រោះ ពេលនោះពួកខ្ញុំទើបបែកគ្នា តែឥឡូវអត់ ពួកខ្ញុំជួបមុខរាប់គ្នាធម្មតាអ៊ីចឹង ផុសធម្មតាសូមកុំគិតអីវែងឆ្ងាយអ៊ីចឹង បងប្អូនពួកខ្ញុំនៅតែជាមិត្តរួមសិល្បៈ និយាយរួមការងារសិល្បៈធម្មតាដូចគេដូចឯងអ៊ីចឹងអត់មានអីទេ»។

ទោះបីជាមានការបកស្រាយខាងលើនេះក្តី វីដេអូនេះត្រូវបាន សេង សុខឃីម លុបឬលាក់ពីបណ្តាញសង្គមរបស់នាងហើយដែលទំនងនាងមិនចង់មានរឿងវែងឆ្ងាយនិងទទួលបានសំណួរពីអ្នកលេងបណ្តាញសង្គម។
អ្នកនាង សេង សុខឃីម បានប្រកាសបែកគ្នាជាមួយនឹង នាយចឺម កាលពីខែកញ្ញា ឆ្នាំ២០២២ ដោយចោទថានាយចឺម មានអ្នកថ្មី។ មុននឹងប្រកាសបែកគ្នា អ្នកទាំងពីរមានទំនាក់ទំនងគិតដល់ថ្ងៃអនាគតជាមួយគ្នាទោះបីជាខាងស្រីមេម៉ាយក្តីដោយបានទិញឡាន ទិញផ្ទះជាមួយគ្នានិងមានគម្រោងចាប់ដៃគ្នាចូលរោងការ ប៉ុន្តែគួរឱ្យសោកស្តាយចំណងស្នេហ៍អ្នកទាំងពីរមិនអាចផ្សះផ្សារបាន ខណៈបច្ចុប្បន្ននេះ នាយចឺម កំពុងមានទំនាក់ទំនងស្នេហាថ្មីហើយ៕