អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងស្រី Tubtim Anyarin និងតារាសម្តែងជើងចាស់លោក Ekkapun Bunluerit ដែលចំណាំដើរតួជាឪពុកតារាស្រីរូបនេះប្រកាសមានទំនាក់ទំនងស្នេហាជាសាធារណៈខណៈដែលអ្នកទាំងពីរមានគម្លាតខុសគ្នាដល់ទៅ២៨ឆ្នាំ។

តារាសម្តែង Tubtim ដែលមានអាយុ៣៤ឆ្នាំនិងលោក Ekkapun អាយុ៦២ឆ្នាំបានបង្ហាញភាពជិតស្និទ្ធអស់រយៈពេលជាយូរប៉ុន្តែគ្មាននរណាម្នាក់រំពឹងថាពួកគេនឹងក្លាយជាគូស្នេហ៍នោះទេរហូតមកដល់ពេលថ្មីៗនេះទំនាក់ទំនងអ្នកទាំងពីរបានលាតត្រដាងជាសាធារណៈ។ អ្នកទាំងពីរបានចេញមុខសារភាពថាជាគូស្នេហ៍នឹងគ្នាហើយបច្ចុប្បន្នកំពុងស្វែងយល់ចិត្តគ្នាគ្នាទៅវិញទៅមក។ បើក្រឡេកមើលភាពស្និទ្ធស្នាលរបស់គូស្នេហ៍មួយគូនេះគេឃើញយូរមកហើយជាពិសេសនៅលើ TikTok របស់ Tubtim ដែលអ្នកអាចមើលឃើញអ្នកទាំងពីរលេងជាមួយគ្នាយ៉ាងគួរឱ្យស្រលាញ់ប្រកបដោយភាពគួរឱ្យស្រលាញ់។ ទោះបីជាអាយុរបស់ពួកគេខុសគ្នារហូតដល់២៨ឆ្នាំ ប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះឡើយ។ 
អ្នកទាំងពីរបានប្រកាសថាពួកគេមានទំនាក់ទំនងស្នេហាមួយរយៈមកហើយ ខណៈការប្រកាសទំនាក់ទំនងរបស់តារាសម្តែងទាំងពីររូបគឺទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ស្នេហារបស់អ្នកទាំងពីរចាប់ផ្តើមពីការធ្វើការជាមួយគ្នា។ លោក Ekkapun ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ថា លោកតែងតែដើរតួជាឪពុករបស់ Tubtim ហើយលោកមានអារម្មណ៍ថាតារាស្រីរូបនេះគួរឱ្យស្រលាញ់ មុននឹងក្លាយជាស្នេហាផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។
Tubtim Anyarin បានចូលប្រឡូកក្នុងវិស័យកម្សាន្តថៃតាមរយៈការបង្ហាញម៉ូត ការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង និងកម្មវិធីប្រកួតកាលពីឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៩ Tubtim បានចុះកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដោយបានលេចមុខតាមរយៈរឿងភាគជាច្រើនមុននឹងបង្ហាញមុខរឿងចុងក្រោយក្នុងឆ្នាំ២០២២ហើយនៅឆ្នាំ២០២៣ នាងបង្ហាញខ្លួនជាតារាសម្តែងឯករាជ្យ៕










