នៅក្នុងទំនៀមទំលាប់វប្បធម៌ចិន ការលោតម៉ុងសាយ សំដៅលើការដេញវិញ្ញាណអាក្រក់ និងនាំមកនូវភាពរុងរឿង លាភសំណាងល្អ សម្រាប់ឆ្នាំថ្មី។
ម៉ុងសាយត្រូវបានធ្វើឡើងពី គ្រោងឫស្សី បិទដោយក្រដាស និងមានមនុស្សពីរនាក់សម្តែង។ ម្នាក់កាន់ក្បាល ហើយម្នាក់ទៀតកាន់កន្ទុយ និងចលនាពួកគេធ្វើតាមចង្វាក់ភ្លេងស្គរ។
យោងតាមរឿងព្រេងនិទានចិន ម៉ុងសាយ ឬសត្វតោ ត្រូវបានគេប្រើសម្រាប់ដេញសត្វចម្លែកមួយឈ្មោះថា ណៀន (nien)។
ណៀន (nien) ជាសត្វកាចសាហាវ តែងតែមកអុកឡុកនៅក្នុងភូមិ សូម្បីតែខ្លាក៏មិនអាចសម្លាប់វាបាន។ ដោយអស់សង្ឃឹម ប្រជាជនបានងាកទៅរកសត្វតោ ដែលជាស្តេចសត្វព្រៃ។
ពេលមួយ ណៀន (nien)បានចូលមកកម្ទេចផ្ទះអ្នកភូមិ ត្រូវបានសត្វតោប្រយុទ្ធឈ្នះរត់បាត់ស្រមោល ដោយសន្យានឹងមកសងសឹង។
រំលងបាន១ឆ្នាំ ណៀនក៏បានត្រឡប់វិញ តែគ្រាសត្វតោ រវល់យាមទ្វារឱ្យព្រះចៅអធិរាជ មិនអាចទៅជួយអ្នកភូមិបាន ដូច្នេះ អ្នកភូមិក៏បានយកឫស្សី និងក្រណាត់មកធ្វើរូបតោ ដោយមានបុរសពីរនាក់បានលូនចូលទៅខាងក្នុងហើយសម្តែងធ្វើឱ្យសត្វណៀន (nien) ខ្លាចរត់ទៅបាត់ទាំងព្រឺព្រួច។
ចាប់តាំងពីពេលនោះមក ពលរដ្ឋចិន មានជំនឿលើសត្វតោ ដោយគ្រប់នគរចិន តែងមានរូបសំណាកសត្វតោនៅយាមខាងមុខទ្វារ៕










