នាព្រឹកថ្ងៃទី ២៤ ខែមករានេះ ក្រសួងបរិស្ថានបានបង្ហាញសន្ទស្សន៍គុណភាពខ្យល់ខ្ពស់(ពណ៌ក្រហម) នៅខេត្តក្រុងចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលរួមមានខេត្តបន្ទាយមានជ័យ កោះកុង រាជធានីភ្នំពេញ និងសៀមរាប។

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ លើកលែងតែ ៤ ខេត្តក្រុងខាងលើ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

យ៉ាងណា សម្រាប់ខេត្តចំនួន ៥ ដែលមានគុណភាពខ្យល់ល្អនោះគឺរួមមាន ខេត្តកំពង់ឆ្នំាង កំពត មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ។

ក្រសួងបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ដូច្នេះហើយ សាធារណជនត្រូវធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBoEvBMTd6gjvQSDIe0Gea_TgG78ajMB2Eg13_pNxrgq1wmrHpJNQbdKgPJkcXJhI0lp8SrQfjhDRo0VdWYeDrcyCDMKO5tfW8xc88TPBV7h4A_VY_E0xHgpQy1ew12nFLfp2ExKd2qVGMq67Q4w7e6M9SK5hthaCZAHkZkzeZyklN27-LzZEZVcjtQTp/s1080/474734012_932596442395175_2570994901807554368_n.jpg