កាលពីមួយរយៈមុន ថៃ អតិជាតិបុត្រ បានធ្វើឱ្យស្រទាប់មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រែប្រួលរូបរាងរបស់លោក។ យ៉ាងណា តារាចម្រៀងដែលវិលមកអាជីពសិល្បៈវិញរូបនេះថាដោយសារតែលោកពុលចំណីហើយគាប់ជួនមានរឿងកើតឡើង។ ទន្ទឹមនឹងនោះ បុត្រ ក៏បានទម្លាយពីការបាត់មុខពីអាជីពសិល្បៈខាតបង់ទឹកប្រាក់ជាច្រើនដោយសារតែរកស៊ីខុសជំនាញខ្លួន។

នៅក្នុងបទសម្ភាសន៍ VTALK ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២២ មករា តារាចម្រៀង ថៃ អតិជាតិបុត្រ បានទម្លាយថាថ្ងៃដែលមានបញ្ហាគឺពេលនឹងលោកទើបតែពុលចំណីឡើងចង់មួយសប្តាហ៍ ធ្វើឱ្យគេងមិនបានច្រើនមើលទៅដូចជាអ្នកជំងឺស្លក់។ បុត្រ បានបន្ថែមដែរថាអ្នកធ្លាប់ឃើញលោកពីមុនមកសួរថាឈឺ ប៉ះពាល់ផ្លូវចិត្ត តែពេលហ្នឹងគឺចៃដន្យពេលលោកឈឺ។
ទន្ទឹមនឹងទម្លាយមូលហេតុមានរូបរាងស្គមដោយសារតែពុលចំណី បុត្រ ក៏បានទម្លាយមូលបាត់មុខពីសិល្បៈដោយបានរៀបរាប់ថា ខ្លួនមានដុងពីកំណើតខាងសិល្បៈចេះនិពន្ធ ចេះច្រៀងហើយល្បី រកលុយបានពីសិល្បៈមានលុយទៅចាប់ជំនាញមួយដែលមិនមែនជាជំនាញរបស់ខ្លួន ដូច្នេះធ្វើឱ្យបាត់បង់ពេលវេលា ខាតបង់ទាំងថវិកា លែងមានអារម្មណ៍ជាមួយនឹងសិល្បៈរយៈពេល៤ ៥ឆ្នាំសរសេរចម្រៀងលែងចេញ។
បុត្រ បានបន្តទៀតថាលោកទៅធ្វើមុខរបរដែលមិនធ្លាប់ធ្វើសោះ មិនមែនជាជំនាញ មិនចេះតែចង់សាកដោយសារតែឃើញអ្នករាប់អានក្នុងចំណោមនោះរកស៊ីហើយចង់ដែរធ្វើឱ្យខាតលុយច្រើននោះគឺមុខរបរយករថយន្តមកលក់។ ក្នុងនោះម្ចាស់បទ គ្រាស្នេហ៍ ក៏បានបង្ហាញដែរថាចំពោះពាក្យរិះគន់កន្លងមកដែលប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងគឺពាក្យ ថាលោកជាមនុស្សបែកមិនស្គាល់អ្វី។
បន្ទាប់ពីមានរឿងចម្រូងចម្រាស ថៃ អតិជាតិបុត្រ បានវិលមកកាន់វិថីសិល្បៈវិញជាមួយនឹងបទរ៉េប «Brand ខ្ចី គេ» ។ បច្ចុប្បន្ននេះ បុត្រ ជាសិល្បករក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំសម្តែង Rith Omega ៕










