ប្រទេសអង់គ្លេស ៖ បច្ចុប្បន្ន ស្ថាប័នអប់រំជាច្រើនបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ជួយធ្វើកិច្ចការសាលា ពីព្រោះបារម្ភពីការសិក្សារបស់សិស្ស-និស្សិតធ្លាក់ចុះ ឬពុំប្រឹងប្រែងរៀនសូត្រ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេស បែរជាយល់ផ្ទុយពីនេះ និងជំរុញឱ្យកូនសិស្សរៀនសូត្រពីបច្ចេកវិទ្យាទំនើប ។.png)
កម្មវិធី ChatGPT គឺដូចគ្នានឹងម៉ាស៊ីនគិតលេខដែរ យើងអាចបញ្ចូលវាទៅក្នុងកម្មវិធីសិក្សារបស់កូនសិស្ស ។ យើងត្រូវប្រាកដចិត្តថា ក្មេងៗនឹងបានរៀនសូត្រអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើប ។ នេះជាការលើកឡើងរបស់លោក Peter Kyle រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអង់គ្លេសទៅកាន់សារព័ត៌មាន BBC ដែលសួរថា តើក្មេងៗគួរតែប្រើប្រាស់ ChatGPT ជួយធ្វើកិច្ចការសាលាដែរឬទេ?

លោករដ្ឋមន្ត្រីបន្តថា ៖ «ខ្ញុំនៅចាំពីបញ្ហាការប្រើប្រាស់ម៉ាស៊ីនគិតលេខកន្លងមក ប៉ុន្តែបច្ចុប្បន្ន បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់ក្នុងសេដ្ឋកិច្ចទូទាំងប្រទេស ។ ហេតុនេះ យើងគួររៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យានេះចាប់ពីពេលបច្ចុប្បន្ន ហើយការប្រើប្រាស់ ChatGPT អាចជំរុញឱ្យក្មេងៗចាប់អារម្មណ៍នឹងការរៀនសូត្រខ្លាំងឡើង ពីព្រោះវាអាចដោះស្រាយបញ្ហាមួយចំនួនដែលពិបាករកចម្លើយ ។ បើ AI មានការទទួលស្គាល់ជាផ្លូវការ បច្ចេកវិទ្យានេះនឹងជួយបង្កើនតម្លៃសេដ្ឋកិច្ចរាប់លានដុល្លារអាមេរិក» ។
បើទោះជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ឬកម្មវិធី ChatGPT ក្នុងការសិក្សារបស់សិស្ស ព្រមទាំងមានគម្រោងដំណើរការបច្ចេកវិទ្យាទំនើបនាពេលឆាប់ៗនេះ ប៉ុន្តែស្ថាប័នអប់រំល្បីៗនៅប្រទេសអង់គ្លេស ដូចជា ៖ សាកលវិទ្យាល័យ Oxford, សាកលវិទ្យាល័យ Cambridge និងវិទ្យាល័យ Imperial College London បានហាមឃាត់សិស្ស-និស្សិតប្រើប្រាស់បច្ចេកវិទ្យាជួយធ្វើកិច្ចការសាលាដាច់ខាត ។
ចំណែកនាយកដ្ឋានអប់រំទីក្រុងញូវយ៉ក ក៏បានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសាលារៀនរដ្ឋដូចគ្នាដែរ ប៉ុន្តែក្រោយមក ស្ថាប័នអប់រំនេះ ក៏បានយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់សិស្ស ៕










