សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក បានបង្ហាញមនុស្សយន្តស្រីឈ្មោះ Aria ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចប្រើប្រាស់មនុស្សយន្តនេះបានច្រើនមុខងារ ដូចជា ៖ ធ្វើជាមិត្តភក្តិ, ផ្តល់សេវាកម្មអតិថិជន និងការអប់រំ ដោយការបំពាក់បច្ចេកវិទ្យាឱ្យមនុស្សយន្តអាចបង្ហាញអារម្មណ៍ដូចមនុស្សពិតៗ ។
មនុស្សយន្តស្រីនេះបង្កើតឡើងដោយក្រុមហ៊ុន Realbotix ហើយនៅផ្នែកខាងក្នុងរបស់មនុស្សយន្ត គឺបំពាក់ដោយបច្ចេកវិទ្យា AI និងគំរូភាសាទំហំធំដើម្បីជួយដល់ការធ្វើការ និងឆ្លើយតបសំណួរ ។ រីឯស្បែករបស់មនុស្សយន្តផលិតពីស៊ីលីខូន ដែលស្រដៀងនឹងស្បែកមនុស្សបំផុត ខណៈនៅបរិវេណភ្នែកមនុស្សយន្ត គឺបំពាក់ប្រព័ន្ធតាមដានការសម្លឹងមើលរបស់មនុស្ស និងអាចចំណាំមុខមនុស្សម្នាក់ៗដើម្បីឱ្យមនុស្សយន្តឆ្លើយតបសំណួររបស់មនុស្ស ។
សមត្ថភាពរបស់មនុស្សយន្តក្នុងការធ្វើត្រាប់តាមមនុស្ស គឺដោយសារការដំណើរការរបស់ម៉ូទ័រចំនួន១៧ ដែលជួយឱ្យមនុស្សយន្តអាចហើបមាត់ និងភ្នែកដោយស្វ័យប្រវត្តិ ។ មនុស្សយន្តស្រីត្រូវបានផលិតឡើងជា២ប្រភេទ គឺមនុស្សយន្តមួយកំណាត់ខ្លួន និងមនុស្សយន្តមានដងខ្លួនពេញ ។
មនុស្សយន្តស្រី Aria អាចផ្លាស់ប្តូរទឹកមុខយ៉ាងឆាប់រហ័ស និងប្រើប្រាស់បានច្រើនមុខងារ ដូចជា ៖ ជជែករឿងផលិតផល, ផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងជជែកជាមួយមនុស្សបំបាត់ការអផ្សុក ។ តម្លៃមនុស្សយន្តមួយកំណាត់ខ្លួន គឺស្មើនឹង១ម៉ឺនដុល្លារអាមេរិក រីឯតម្លៃមនុស្សយន្តទាំងមូល គិតចាប់ពីក្បាលដល់ចុងជើង ស្មើនឹង១សែន៧ម៉ឺន៥ពាន់ដុល្លារអាមេរិក ។
ក្រុមហ៊ុន Realbotix បានយកមនុស្សស្រីទៅបង្ហាញក្នុងការតាំងពិព័រណ៍បច្ចេកវិទ្យាលំដាប់ពិភពលោក CES 2025 ដែលមានការចូលរួមពីក្រុមហ៊ុនផលិតមនុស្សយន្តផ្សេងទៀត, អ្នកវិភាគ និងអ្នកគាំទ្រដ៏ធំបំផុតនៅអាមេរិក ។ នៅឆ្នាំ២០២៥ ការតាំងពិព័រណ៍បច្ចេកវិទ្យាបានរៀបចំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា នៅទីក្រុង Las Vegas ៕










