ស្របពេលរឿងកំពុងវាយឡុកពេញបណ្តាញសង្គមអំពីបញ្ហាស្រូវលោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាបញ្ហាស្រូវធ្លាក់ថ្លៃមិនគួរបន្ទោសកសិករប៉ុន្តែជួយរកដំណោះស្រាយជូនកសិករទើបប្រសើរជាង។ លោកជំទាវបានលើកឡើងទៀតថានេះជាបន្ទុកធំរបស់រដ្ឋាភិបាលនិងក្រសួងកសិកម្ម។

ថ្មីៗកន្លងមកនេះជុំវិញបញ្ហាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបិទផ្លូវតវ៉ាព្រោះតែតម្លៃស្រូវធ្លាក់ថ្លៃបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈរដ្ឋមន្រ្តីក្រសួងកសិកម្មរួមទាំងអ្នកនាំពាក្យបានចេញពន្យល់បញ្ហាមួយនេះ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ថា «បញ្ហា ( ស្រូវ )អ្នកដាំស្រូវដូចខ្ញុំបានដឹងរឿងច្បាស់ ។ អ្នកហូបទិញក្នុងតម្លៃថ្លៃ តែអ្នកធ្វើស្រែមួយចំនួនធំលក់បានថោក តើមកពីអ្វី??»។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានលើកជាទស្សនៈផ្ទាល់ខ្លួនថា «ជាមតិផ្ទាល់ សុំសួរមួយ ពេលប្រជាជនចុះធ្វើស្រែតាមភូមិឃុំ មន្ត្រីកសិកម្មមានដើរណែនាំប្រាប់ពួកគាត់អត់ កុំអោយដាំពូជOM ? បើឥលូវគ្នាដាំជ្រុលហើយ តើគួរជួយកសិករយ៉ាងណាអោយគាត់លក់បានតំលៃសមរម្យ?? វាជាបន្ទុកដល់ធំសំរាប់រដ្ឋាភិបាល តែកសិករគាត់មិនដឹងពឹងអ្នកណាក្រៅពីពឹងលើរដ្ឋនិង ក្រសួងកសិកម្មនោះទេ យើងគួរកុំបន្ទោសពួកគាត់ តែជួយគ្នារកដំណោះស្រាយជួយពួកគាត់ប្រសើរជាង»។.png)
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ មករា ប្រជាកសិករជាច្រើនបាននាំគ្នាប្រមូលផ្តុំតវ៉ាដោយសារតែតម្លៃស្រូវចុះថ្លៃដោយបានសូមអភ័យទោសអ្នកធ្វើដំណើរតាមផ្លូវចំពោះការបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បញ្ហាស្រូវធ្លាក់ថ្លៃរដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថាស្រូវមិនធ្លាក់ថ្លៃទាំងគ្រប់ប្រភេទនោះទេ ដោយស្រូវវស្សាមិនមានបញ្ហា ដូចស្រូវប្រាំងនោះទេ ព្រោះកសិករចង់ចំណេញច្រើន នាំគ្នាសម្រុកធ្វើជាង៧០ម៉ឺនហិកតា គិតជាទន្និផលប្រមាណជា៥លានតោន ដែលសុទ្ធតែស្រូវប្រភេទអូអឹម (OM 54.51)”។ .png)
រដ្ឋមន្រ្តីបានបន្ថែមថា សម្រាប់ស្រូវប្រភេទអូអឹមនេះ ពីមុនវៀតណាមត្រូវការច្រើន ដោយហ៊ានឱ្យតម្លៃខ្ពស់ ទើបកសិករនាំគ្នាសម្រុកធ្វើ តែបច្ចុប្បន្នស្រូវប្រភេទនេះ នៅទីផ្សារវៀតណាមមិនសូវត្រូវការទៀតនោះទេ ខណៈមន្រ្តីកសិកម្មធ្លាប់ប្រាប់ឱ្យកសិករផ្លាស់ប្តូរមកដាំប្រភេទស្រូវខ្មែរវិញ តែកិសករមិនព្រមខណៈស្រូវប្រភេទនេះនឹងមិនងាយនឹងឡើងថ្លៃ៕










