ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចផ្តល់ទុន៥លានដុល្លារ ដល់កសិករ៣ឃុំ ក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តរួមគ្នា បង្កើតជាសហគមន៍កសិកម្មទំនើបខ្នាតធំ ដើម្បីផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥ពាន់ហិកតា។
ទុន៥លានដុល្លារនេះ នឹងឱ្យកសិករក្នុងសហគមន៍ខ្ចី ដោយមិនចាំបាច់ឱ្យកសិករពិបាករកខ្ចីប្រាក់ ដែលធ្វើឱ្យជាប់បំណុលគេ ឬ ត្រូវដាក់ទុនដោយខ្លួនឯងនោះទេ។.png)
ការរួមគ្នាបង្កើត ជាសហគមន៍កសិកម្មទំនើបខ្នាតធំនេះ ធ្វើឡើង ស្របពេលដែលប្រភេទស្រូវអូអឹម(OM) កំពុងធ្លាក់ថ្លៃ ដែលឈានដល់មានការធ្វើបាតុកម្មសុំអន្តរាគមន៍ពីក្រុមកសិករដែលបានដាំដុះស្រូវពូជប្រភេទនេះ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅប្រជាកសិករឱ្យចូលរួមបង្កើតសហគមន៍កសិកម្មទំនើប និងពិចារណាឡើងវិញ នៅក្នុងការប្រើប្រាស់នៅពូជស្រូវសែនក្រអូបរបស់ខ្មែរ ដែលធានាលំនឹងទីផ្សារ មានអ្នកទិញច្បាស់លាស់ ហើយទទួលបានតម្លៃខ្ពស់។
បច្ចុប្បន្ននេះ ប្រភេទស្រូវផ្ការំដួលសែនក្រអូបរបស់កម្ពុជា លក់នៅស្រែបានតម្លៃពី ១២៥០ ទៅ១៣០០រៀល ហើយអ្នកប្រមូលទិញនៅរោងម៉ាស៊ីនមានតម្លៃជាង ១ ៤០០រៀលក្នុង១គីឡូក្រាម៕










