ប្រទេសវៀតណាម ៖ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញទុរេនច្រើនលើពិភពលោក ក្រោយពីវៀតណាមទទួលបានចំណូលពីការនាំចេញទុរេនកាលពីឆ្នាំ២០២៤ ស្មើនឹង៣,៣០០លានដុល្លារអាមេរិក ហើយចំណូលនេះកើនឡើងរហូតដល់ដល់ជាង៧ដង បើធៀបនឹងឆ្នាំ២០២២ ។ លើសពីនេះ ចំណូលពីការនាំចេញទុរេន គឺស្មើជិត៥០% នៃចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើវៀតណាមសរុប នៅឆ្នាំ២០២៤ ។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ភាពជោគជ័យរបស់ប្រទេសវៀតណាមលើកនេះ ដោយសារមានតម្រូវការទិញទុរេនយ៉ាងច្រើននៅប្រទេសចិន ហើយអតិថិជនចិនដែលទិញទុរេនវៀតណាមភាគច្រើន គឺអ្នកមានជីវភាពមធ្យម ។.png)
តាមរបាយការណ៍បញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤ ចិនបាននាំចូលទុរេនប្រមាណ១លាន៥សែន៣ម៉ឺនតោន ស្មើទឹកប្រាក់៦,៨៣០លានដុល្លារអាមេរិក កើនឡើង៩.៤% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ។ ហេតុនេះ ធ្វើឱ្យវៀតណាមទទួលបានចំណែកទីផ្សារនាំចូលទុរេនចិន រហូតដល់៤៧% ដែលជិតស្មើការនាំចូលទុរេនថៃ ។
ប្រទេសវៀតណាមអាចនាំចេញទុរេនទៅចិនក្នុងបរិមាណច្រើន ក៏ដោយសារយុទ្ធសាស្ត្ររៀបចំផែនការដ៏ទូលំទូលាយ និងលើកកម្ពស់គុណភាពទុរេនរបស់រដ្ឋាភិបាលផងដែរ ទើបធ្វើឱ្យវៀតណាមទទួលបានទិន្នផលទុរេនល្អៗពេញមួយឆ្នាំ ។ ក្រៅពីនេះ វៀតណាមបានប្រើប្រាស់បច្ចេកវិទ្យា និងពង្រីកទីផ្សារនាំចេញទុរេនទៅកាន់ប្រទេសនានាលើពិភពលោក ។.png)
ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្ររវាងវៀតណាម និងចិន ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ គឺកំណត់ឱ្យវៀតណាមរក្សាស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹង ។ វៀតណាមស្វែងរកវិធីបង្កើនទិន្នផលដំណាំ និងប្រើប្រាស់បច្ចេកវិទ្យាក្លាសេទុរេនដ៏ទំនើប ក៏ជាកត្តាជំរុញដល់ការនាំចេញទុរេនវៀតណាមដែរ ។
បច្ចុប្បន្ន វៀតណាមមានផ្ទៃដីដាំទុរេនរហូតដល់១៥ម៉ឺនហិកតា ហើយផ្ទៃដីភាគច្រើនស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់ខ្ពង់រាប ដែលអាចឱ្យដើមទុរេនចេញផ្លែពេញមួយឆ្នាំ ៕










