ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានស៊ិនហួររាយការណ៍ថា ស្នាក់ការគ្រប់គ្រងវិទ្យុ និងទូរទស្សន៍ជាតិចិនបានចាប់ផ្តើមអនុវត្តគម្រោងមួយឈ្មោះ «Micro Drama Plus» គឺការផ្សព្វផ្សាយភាពយន្តខ្លីក្នុងអ៊ីនធើរណេតដើម្បីជំរុញសេដ្ឋកិច្ច និងផ្សព្វផ្សាយវប្បធម៌ចិន ។.png)
បច្ចុប្បន្ន ភាពយន្តខ្លីរបស់ចិនក្នុងអ៊ីនធើរណេតបានបង្ហាញពីរឿងរ៉ាវក្នុងសង្គមខុសៗគ្នា ខណៈការចំណាយដើមទុនផលិតមិនច្រើនទេ ហើយភាពយន្តខ្លីបានក្លាយជាទម្រង់សិល្បៈដ៏សំខាន់មួយដែលបង្ហាញពីវប្បធម៌ចិន ។ ការចាប់ផ្តើមអនុវត្តគម្រោង Micro Drama Plus គឺក្នុងគោលបំណងប្រើប្រាស់ភាពយន្តខ្លីដើម្បីពង្រឹងវិស័យផ្សេងៗ, ជំរុញការច្នៃប្រឌិត និងលើកកម្ពស់វប្បធម៌ ។ នៅឆ្នាំ២០២៥ ចិននឹងផលិតភាពយន្តខ្លីបង្ហោះក្នុងអ៊ីនធើរណេត ប្រមាណ ៣០០រឿង ។
ភាពយន្តខ្លីចំនួន១០០រឿង ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់តំបន់ទេសចរណ៍ ជាពិសេស ទេសចរណ៍នៅតំបន់ជនបទ ។ អ្នកទស្សនានឹងបានឃើញពីតំបន់ទេសចរណ៍ពាក់ព័ន្ធនឹងវប្បធម៌សំខាន់ៗ, ទេសភាពដ៏ស្រស់ត្រកាលបែបធម្មជាតិ និងទេសចរណ៍ក្នុងទីក្រុង ។.jpg)
ជាទូទៅ ភាពយន្តខ្លីទាំងនេះមានរយៈពេលជាង១០នាទី ហើយពលរដ្ឋចិនអាចទស្សនាក្នុងឧបករណ៍អេឡិចត្រូនិកផ្សេងៗ និងក្លាយជាភាពយន្តពេញនិយមយ៉ាងខ្លាំង ។ ក្រៅពីនេះ ពលរដ្ឋនៅប្រទេសផ្សេងៗ ក៏ចូលចិត្តទស្សនាភាពយន្តខ្លីរបស់ចិនដែរ ដោយសារចំនួនដោនឡូតបានកើនឡើងខ្លាំងនៅក្រៅប្រទេស ។.jpg)
នាយកក្រុមហ៊ុន Xiying Group និយាយថា បច្ចុប្បន្ន មនុស្សភាគច្រើនគ្មានពេលវេលាទស្សនាភាពយន្តមានរយៈពេលវែងទេ ហើយដោយសារជីវិតដ៏ប្រញាប់ប្រញាប់ ទើបពួកគេមានពេលតិចណាស់ដើម្បីទស្សនាភាពយន្តភាគ ។ ហេតុនេះ ភាពយន្តខ្លីមានឱកាសរកចំណូលបានច្រើនជាងភាពយន្តភាគ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសចិនបានលុបចោលភាពយន្តខ្លីមួយចំនួនដែលបង្ហាញពីសាច់រឿងមិនល្អ ហើយកំណត់ឱ្យភាពយន្តខ្លីទាំងអស់ត្រូវតែទទួលការអនុញ្ញាតមុនពេលផ្សព្វផ្សាយ ៕










