ទិដ្ឋភាពដ៏កម្រមួយ បានលេចឡើងនៅឯខេត្តសៀមរាបកាលពីចុងឆ្នាំ ២០២៤ ដែលបង្ហាញឲ្យឃើញពីរបៀបប្រមូលផលស្រូវតាមបែបបុរាណរបស់ដូនតាខ្មែរ ខណៈក៏បានបន្សល់ទុកនូវអនុស្សាវរីល្អៗក្នុងចំណោមអ្នកចូលរួមទាំងប្រជាជនខ្មែរនិងជនបរទេស។
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខេត្តសៀមរាបបានរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណដូចជាបរទេះគោដឹកស្រូវ រែកកណ្តាប់ស្រូវ បោកស្រូវ បែនស្រូវ ដាល់អំបុក ដុតក្រឡាន ធ្វើនំជាដើម។
តាមរយៈកម្មវីធីមិនត្រឹមតែមានការចូលរួមពីសំណាក់ប្រជាជនខ្មែរ ទាំងក្មេងចាស់ ប្រុសស្រីប៉ុណ្ណោះទេ តែក៏រួមវត្តមានពីជនបរទេសយ៉ាងច្រើនកុះករផងដែរ។ ដោយសង្កេតឃើញថា អ្នកចូលរួមគ្រប់ៗរូបបានបង្ហាញភាពរីករាយក្នុងដំណើរការនៃការប្រមូលផលស្រូវបែបបុរាណ រាប់តាំងពីការច្រូតស្រូវដោយប្រើកណ្តៀវ ការរែក ការដឹកជញ្ជូន ការបោក រហូតដល់ការបញ្ជាន់ស្រូវនិងដាល់អំបុកជាដើម។
ទាំងនេះគឺឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ក្នុងការធ្វើស្រែនិងប្រមូលផលនាសម័យមុនយ៉ាងលំបាកលំបិន ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យទំនើបនេះទេ មានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើននិងចំណេញពេលវេលាផងដែរ ដែលគូសបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា កម្មវិធី«ស្នាមញញឹមភូមិខ្ញុំ»បានប្រព្រឹត្តិទៅនៅឯភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាការសហការរវាងរដ្ឋបាលខេត្តសៀមរាប និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាមានការចូលរួមរៀបចំកម្មវីធីដោយលោកចែម ចាន់ដារ៉ា (ហៅពាក់មី)៕









