ប្រទេសអាល្លឺម៉ង់ ៖ កំណើនពលរដ្ឋអាយុច្រើនបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ប្រឈមនឹងបញ្ហាខ្វះខាតអ្នកជំនាញថែទាំមនុស្សចាស់ ហើយបច្ចុប្បន្ន មនុស្សចាស់ជាច្រើនបានរស់នៅតែម្នាក់ឯង និងឯកោ ។ ហេតុនេះ ក្រុមហ៊ុនមួយរបស់អាល្លឺម៉ង់ឈ្មោះ Devanthro បានផលិតមនុស្សយន្ត Robody សម្រាប់ថែទាំមនុស្សចាស់យ៉ាងយកចិត្តទុកដាក់ពេញ២៤ម៉ោង ។
.png)
មនុស្សយន្ត Robody អាចជួយធ្វើការងារប្រចាំថ្ងៃ ដូចជា ៖ រៀបចំម្ហូបអាហារ, ថ្នាំពេទ្យ និងអាចធ្វើជាមិត្តភក្តិជជែកបំបាត់ការអផ្សុករបស់មនុស្សចាស់ផងដែរ ។ មនុស្សយន្តនេះធ្វើការតាមរយៈការបញ្ជាពីចម្ងាយ និងបំពាក់បច្ចេកវិទ្យាទំនើបៗ មិនថាប្រព័ន្ធបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ហើយអ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តយ៉ាងងាយស្រួលពីចម្ងាយ ឬហាក់ដូចជាកំពុងស្ថិតនៅជាមួយមនុស្សយន្តពិតប្រាកដ ។

អ្នកប្រើប្រាស់អាចមើលឃើញអ្វីៗដែលមនុស្សយន្តមើលឃើញ និងឮសំឡេងនៅជុំវិញខ្លួនមនុស្សយន្ត ដែលធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពួកគេកំពុងនៅជាមួយឪពុក-ម្តាយចាស់ជរា ។ ក្រៅពីនេះ មនុស្សយន្ត Robody អាចធ្វើត្រាប់តាមមនុស្ស ដូចជា ៖ លើកដៃ, ចាប់វត្ថុ និងឱប ។ មនុស្សយន្តត្រូវបានផលិតឡើងឱ្យមានភាពរស់រវើក ហើយដៃរបស់វាអាចធ្វើការងារផ្សេងៗ ដូចជា ៖ យកម្ហូបអាហារចេញពីទូរទឹកកក និងយកសម្លៀកបំពាក់ពីក្នុងទូរ ។
ក្រុមហ៊ុន Devanthro ជឿជាក់ថា មនុស្សយន្តនេះនឹងជំរុញដល់ការផ្លាស់ប្តូរវិធីទំនាក់ទំនង, ការគ្រប់គ្រងពីចម្ងាយ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ តាមរយៈការបំពាក់បច្ចេកវិទ្យាដ៏ទំនើប ។ មនុស្សយន្តនឹងក្លាយជាការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដើម្បីកាត់បន្ថយគម្លាតគ្នា និងបង្កើតភាពជិតស្និទ្ធកាន់តែខ្លាំង ។

នាថ្ងៃអនាគត យើងនឹងបានឃើញមនុស្សយន្តមកជួយថែទាំមនុស្សចាស់កាន់តែច្រើនឡើង ហើយជួយឱ្យមនុស្សចាស់រស់នៅយ៉ាងមានសេចក្តីសុខ និងមានគុណភាពជីវិតល្អប្រសើរក្នុងវ័យជរា ៕









