ពេជ្រជាត្បូងដ៏មានតម្លៃ អ្នកណាៗក៏ចង់បានដែរ ជាទូទៅពេជ្រត្រូវបានគេផលិតជាគ្រឿងអលង្ការដូចជា ចិញ្ចៀន ខ្សែក និងខ្សែដៃជាដើម។ ក្រៅពីគ្រឿងអលង្ការពេជ្រក៏ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មផងដែរ ដោយសារពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី និងជាវត្ថុដែលមានតម្លៃទាំងផ្នែកសោភ័ណភាព និងតម្លៃនៃការដោះដូរ។ ដូច្នេះហើយតើលោកអ្នកដឹងទេថា ប្រទេសណាខ្លះដែលសម្បូរពេជ្រ ក៏ដូចជាផលិតពេជ្រច្រើនជាងគេបំផុតនៅលើពិភពលោក?
១.ប្រទេសរុស្ស៊ី៖ អាចនិយាយបានថាប្រទេសមួយនេះគឺជាកន្លែងស្តុកធនធានពេជ្រដ៏ធំជាងគេលើពិភពលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង ដោយប្រទេសនេះបានចាប់ផ្តើមជីករករ៉ែពេជ្រតាំងពី ១៩៤៧ ហើយបច្ចុប្បន្នជាប្រទេសសម្បូរពេជ្រច្រើនជាងគេបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ ដូច្នេះប្រទេសរុស្ស៊ីមានពេជ្រសរុបទាំងអស់ប្រមាណ ៤១ លានការ៉ាត់។
២.ប្រទេសបុតស្វាណា៖ ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី ២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ ១៨៧០ មកគ្រាប់ពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនមកពីទ្វីបអាហ្រិ្វកនេះឯង រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។ ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ ១៩៥០ ដូច្នេះគិតមកដល់ដាច់ឆ្នាំ ២០២៤ នេះប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រ្វិកមួយនេះមានពេជ្រសរុបទាំងអស់ ២៤ លានការ៉ាត់។
.png)
៣.ប្រទេសកាណាដា៖ ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៩៨ ហើយអណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឱ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឱ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៣ នាពេលបច្ចុប្បន្ន។ ហេតុនេះហើយប្រទេសកាណាដា មានពេជ្រសរុបទាំងអស់ ១៦ លានការ៉ាត់។

៤.ប្រទេសកុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ ៤ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ មានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.១ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា គិតមកដល់ឆ្នាំ ២០២៤ នេះបរិមាណពេជ្រនៅក្នុងប្រទេសនេះបានធ្លាក់ចុះសល់ត្រឹមតែ ៩ លានការ៉ាត់ប៉ុណ្ណោះ៕










