ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តច្បាប់ថ្មី ចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ ដោយពិន័យប្រាក់ពលរដ្ឋណាដែលអាជ្ញាធររកឃើញថា បាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅទីសាធារណៈ ឬនៅមាត់ទឹកហាន នៅទីក្រុងសេអ៊ូល ស្មើនឹង១លានវ៉ុន (ឬស្មើ៧០០ដុល្លារអាមេរិក) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។

រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីនេះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយហាមឃាត់ការផ្តល់ចំណីឱ្យសត្វស្លាប ដោយសារពួកវាធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងតំបន់ដំណាំរបស់កសិករ ។ បម្រាមក្នុងច្បាប់ថ្មីនេះមានឈ្មោះថា «ហាមឱ្យចំណីសត្វព្រាប និងសត្វស្លាបព្រៃ ដោយសារពួកវាជាបញ្ហាក្នុងទីក្រុងសេអ៊ូល» ។
.png)
អាជ្ញាធរមូលដ្ឋាននឹងហាមឃាត់ការផ្តល់ចំណីឱ្យជ្រូកព្រៃ, សត្វព្រាប និងសត្វស្លាបព្រៃមួយចំនួនទៀត ព្រមទាំងពិន័យប្រាក់អ្នកល្មើសច្បាប់ ពីព្រោះសត្វព្រៃទាំងនេះបានបំផ្លាញដំណាំកសិកម្ម និងប៉ះពាល់បរិស្ថានក្នុងទីក្រុង ។ អ្នកផ្តល់ចំណីឱ្យសត្វព្រៃ ត្រូវបានចាត់ទុកថា បានរួមចំណែកបង្កើនចំនួនសត្វព្រៃឱ្យកាន់តែច្រើនដើម្បីបំផ្លាញដំណាំ ។
ចំនួនពាក្យបណ្តឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងសត្វព្រាប គឺបានកើនឡើងពី៦៦៧ករណី នៅឆ្នាំ២០២០ មកស្មើនឹង១,១៧៧ករណី នៅឆ្នាំ២០២១ ហើយពាក្យបណ្តឹងកើនឡើងដល់១,៣២៥ករណី នៅឆ្នាំ២០២២ និង១,៤៣២ករណី នៅឆ្នាំ២០២៣ ។ ការដាក់ពាក្យបណ្តឹង ដោយសារពលរដ្ឋពិបាកធ្វើដំណើរតាមផ្លូវ, លាមកសត្វលើដំបូលផ្ទះ, ខ្វះអនាម័យ ដូចជា ៖ លាមក និងរោមសត្វ ព្រមទាំងការបោះចោលខ្មោចព្រាប ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល ។
អាជ្ញាធរមូលដ្ឋានមានតួនាទីត្រួតពិនិត្យ និងពិន័យប្រាក់ពលរដ្ឋដែលបាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅតំបន់ហាមឃាត់ ដូចជា ៖ ទីសាធារណៈ, ផ្លូវជាតិ, តំបន់បេតិកភណ្ឌវប្បធម៌ និងនៅមាត់ទន្លេហាន ។ ច្បាប់ថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី២៤ ខែមករា ហើយចាប់ផ្តើមពិន័យអ្នកល្មើសច្បាប់ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ៕










