ការស្រាវជ្រាវថ្មីអំពីអ្នកជក់បារីរបស់សាកលវិទ្យាល័យ London ប្រទេសអង់គ្លេស ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Addiction បង្ហាញថា ការជក់បារី១ដើម នឹងកាត់បន្ថយអាយុប្រមាណ២០នាទី ហើយអ្នកជក់បារី ចំនួន១កញ្ចប់ក្នុង១ថ្ងៃ ឬ២០ដើមក្នុង១ថ្ងៃ នឹងកាត់បន្ថយអាយុរហូតដល់៧ម៉ោង ។ ការស្រាវជ្រាវនេះបានណែនាំឱ្យផ្តាច់បារីតាំងពីអាយុ២០ឆ្នាំ រីឯការផ្តាច់បារីពេលអាយុច្រើនពុំសូវទទួលផលទេ ដោយសារសុខភាពទ្រុឌទ្រោម ។
.png)
បើរួមបញ្ចូលកត្តាស្ថានភាពសេដ្ឋកិច្ច សង្គម និងកត្តាផ្សេងៗ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ London សន្និដ្ឋានថា អាយុរបស់បុរសនឹងកាត់បន្ថយ១៧នាទី ហើយអាយុរបស់ស្ត្រីនឹងកាត់បន្ថយ២២នាទី ដោយសារការជក់បារី១ដើម ។ លទ្ធផលការស្រាវជ្រាវនេះ គឺគ្រោះថ្នាក់ដោយសារការជក់បារីបានកើនឡើងជាបន្តបន្ទាប់ ហើយអាយុនឹងវែងជាងមុនបន្ទាប់ពីផ្តាច់បារី ប៉ុន្តែវាអាស្រ័យលើកត្តាជាច្រើន ដូចជា ៖ អាយុរបស់អ្នកជក់ និងរយៈពេលជក់យូរ ឬឆាប់ ។
អ្នកផ្តាច់បារីចាប់ពីអាយុ២០ឆ្នាំ ទៅ៣០ឆ្នាំ នឹងមានអាយុវែងជាងមុន ពុំសូវខុសគ្នាពីអ្នកមិនជក់ទេ ប៉ុន្តែបើផ្តាច់បារីពេលអាយុច្រើនពុំសូវទទួលផលទេ ដោយសារសុខភាពទ្រុឌទ្រោម ។ ប៉ុន្តែការផ្តាច់បារីនៅអាយុតិច ឬច្រើន គឺជាការការពារដ៏ប្រសើរបំផុត ។ ដូច្នេះ បើយើងផ្តាច់វាកាន់តែឆាប់ កាន់តែល្អសម្រាប់សុខភាព ។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមស្រាវជ្រាវ ។
.png)
ការស្រាវជ្រាវរបស់អង់គ្លេស គឺស្របគ្នាជាមួយការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក ដែលបញ្ជាក់ថា អ្នកជក់បារីនឹងកាត់បន្ថយអាយុ១០ឆ្នាំ បើធៀបជាមួយអ្នកពុំជក់បារី ។ បើទោះជាការជក់បារីធ្លាក់ចុះតាំងពីឆ្នាំ១៩៦០ ក្តី ប៉ុន្តែបារី គឺជាមូលហេតុធ្វើឱ្យពលរដ្ឋអាមេរិកស្លាប់អស់ជាង៤៨ម៉ឺននាក់ក្នុង១ឆ្នាំ ។ ការផ្តាច់បារីមុនអាយុ៤០ឆ្នាំ គឺអាចកាត់បន្ថយហានិភ័យការស្លាប់ពាក់ព័ន្ធនឹងជំងឺផ្សេងៗដែលកើតឡើងដោយសារបារី រហូតដល់៩០% ។
ការជក់បារីនឹងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយរយៈពេលខ្លី និងរយៈពេលវែង ហើយអ្នកជក់នឹងឆាប់ឆ្លងជំងឺផ្សេងៗ ដូចជា ៖ ជំងឺមហារីក ។ រីឯអ្នកផ្តាច់បារី នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយបានល្អប្រសើរឡើងមួយកម្រិត ប៉ុន្តែវាពុំល្អដូចមុន ១០០% ឡើយ ៕










