ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ចប់ដោយបន្សល់ទុកនូវទស្សនីយភាពដក់ជាប់ក្នុងចិត្តរបស់កូនខ្មែរជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញបានជាប់ជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ីសម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥។ វណ្ណដា និង វណ្ណថាន ដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះរបស់កម្ពុជាក៏បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះអនុស្សាវរីយ៍មួយនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZkB8XbbMtNkYagGigvIcsxLGxTHB1UjGCKXaN32uCX5agX73e_tXMLOh2tv0E3J9Babf2ZXAQhFDq2SW6JAmN4cT5DQ8Rk7ygia0hgEyf0AMyDPn6st2PufXTsYkvgS1n7TVIyVpVwFlO0fJPskJqGHba_FcFnExZUcd9fRPOt09QiAEjOJvFPUKledw-/s2048/472409372_1145634836915661_7993495428569895767_n.jpg
វណ្ណដា បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើទំព័រហ្វេកប៊ុកនាយប់ថ្ងៃទី៣ មករា ថា«ជាកិត្តិយសរបស់រូបខ្ញុំបាទ ដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដ៏ពិសេសដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានៅសួនមុខព្រះបរមរាជវាំងកន្លងទៅនេះ។ ទស្សនីយភាពសិល្បៈចម្រុះពីវប្បធម៌ខ្មែរជាច្រើនដែលត្រូវបានបង្ហាញនៅកម្មវិធីទាំងមូល គឺពិតជាស្រស់ស្អាតមែនទែន ហើយខ្ញុំពិតជារំភើបដែលបានឃើញពុកម៉ែបងប្អូនទាំងអស់បានចូលរួមរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹមដើម្បីស្វាគមន៍ឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXlybuWRbUjNM0q9Q3H-7tBKrPdoc1ObVr0q2aLHrLX86OGwyW-DBXhh4Umb6XruEK-c60rjAAdAFbsG6BR77g7XUaaZIgiZeocOUvZ8QfR0HRFPoeXgJ5FH3xeVG2mr7VbpPXwpRnH5QziBdSBYpRmCX8LvOMmvYIiHglH2WT74ycSAbx62YpP8_6zVO/s2048/472336549_1145634933582318_6709274433674382775_n.jpg

មិនខុសពី វណ្ណដា ប៉ុន្មាននោះទេ វណ្ណថាន ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះដោយអ្នកទាំងពីរបានសម្តែងជាមួយគ្នាបានបង្ហាញអារម្មណ៍ដែរថា «ខ្ញុំបាទសូមអរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិត្តិយសដល់រូបខ្ញុំបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានឃើញទស្សនីយភាពចម្រុះជាច្រើននៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ហើយមានបងប្អូនប្រជាជនខ្មែរយើងបានចូលរួមយ៉ាងច្រើនកុះករ។សូមជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ឱ្យពុកម៉ែបងប្អូនមានសុខភាពល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMa-Rw3gNSjOqJIgxgg7RpnKp9SRg3sLJCJJM8gjNU0c43HGuA9Wbq6TRpyzDfdpBfEk8xtcDmKdX0qaTGM_IGZiNgdOu93YD_oNmF5nLCnNwVLWcqxYXuZKHmeeI8IGz7kK6DWzfIL0M7gLJqhOQ1gv_HMjLIwgILovWLZ7nmhtW3_iQWxTcN6bA1dJRp/s2048/472143128_1145634443582367_2631297401920678942_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ មករា គេហទំព័រ Agoda បានចុះផ្សាយថា រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏សប្បាយបំផុត ថែមទាំងមានតម្លៃសមរម្យជាងគេនៅអាស៊ី សម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកល ២០២៥ ខណៈដែលទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងតូក្យូប្រទេសជប៉ុនគឺមានតម្លៃថ្លៃបំផុត។ បើតាមទិន្នន័យពីក្រសួងទេសចរណ៍រាជធានីភ្នំពេញបានជាប់ចំណាត់ថ្នាក់លេខ១ទទួលបានទេសចរច្រើនជាងគេ មានចំនួនជាង១លាន ៥សែននាក់ក្នុងឱកាសឆ្លងឆ្នាំសកល ៕