រមណីយដ្ឋានភ្នំទឹកធំ គឺជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញ និងស្រស់ស្អាតបំផុត ស្ថិតនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានទីតាំងនៅក្នុងភូមិអន្លង់ថ្ងាន់ ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅទីនេះមានបរិយាកាសស្ងប់ស្ងាត់ បូករួមនឹងខ្យល់ត្រជាក់បក់រំភើយៗ ទេសភាពបៃតងស្រស់បំព្រង មានទឹកព័ទ្ធជុំវិញ មានសត្វស្លាបជាច្រើនហោះព្រោងព្រាតពេញផ្ទៃមេឃ បង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។

ដើម្បីទៅកាន់រមណីយដ្ឋានភ្នំទឹកធំ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ច្រកព្រំដែនព្រែកចាក ដោយបត់ឆ្វេងជិះតាមផ្លូវលំក្បែរព្រំដែន ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះនឹងបានទៅដល់គោលដៅហើយ។ នៅពេលទៅដល់លោកអ្នកអាចជិះទូកលេងតាមរអាងភ្នំឆ្លងពីម្ខាងទៅម្ខាងដែលជាចំណីអារម្មណ៍ថ្មីប្លែក ក៏ដូចជាដើរលើស្ពានគយគន់សម្រស់ផ្ទាំងថ្មធម្មជាតិ និងឡើងទៅលើកំពូលភ្នំមើលសត្វប្រចៀវជាច្រើន ហើយក៏អាចទស្សនាសម្រស់ទិដ្ឋភាពនៅជុំវិញតំបន់ ៣៦០ ដឺក្រេផងដែរ។
ក្រៅពីតំបន់ធម្មជាតិដ៏ស្រស់បំព្រង រមណីយដ្ឋានភ្នំទឹកធំក៏ជាតំបន់ប្រវត្តិសាស្ត្រផងដែរ ដោយនៅទីនេះក៏មានពុទ្ធបដិមា ដែលទុកសម្រាប់ឱ្យបងប្អូនមកលេង ធ្វើការរំលឹកដល់គុណនិងបូជាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋទៀតផង។ រមណីយដ្ឋានភ្នំទឹកធំក៏មានខ្ចុះសម្រាប់អង្គុយលេង ស្រូបយកខ្យល់អាកាសបរិសុទ្ធ មានលក់នូវម្ហូបអាហារ នំនែក និងភេសជ្ជៈជាច្រើន ដែលភ្ញៀវទេសចរអាចមកទស្សនាបាននាចុងសប្តាហ៍នេះ។

ទោះជាយ៉ាងណាអ្នកមកកម្សាន្តនៅរមណីយដ្ឋានភ្នំទឹកធំ ជួយថែរក្សាបរិស្ថាននិងជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវផង ដើម្បីឱ្យទីកន្លែងកម្សាន្តរបស់យើងពោរពេញទៅដោយអនាម័យខ្ពស់ និងសណ្តាប់ល្អ ជាគំរូដល់កូនចៅជំនាន់ក្រោយ។ គួរបញ្ជាក់ដែរថា រមណីយដ្ឋានភ្នំទឹកធំ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបានបង្កើតឡើងដោយភិក្ខុ សុត ដាវី ព្រះចៅអធិការវត្តភ្នំរាប។
នៅពេលរមណីយដ្ឋាននេះត្រូវបានបង្កើតឡើងភ្លាមៗ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្ដនៅទីនោះ ហើយបានបន្តមកជាហូរហែជាពិសេសនៅថ្ងៃបុណ្យ និងថ្ងៃចុងសប្តាហ៍ ដោយសារតែរមណីយដ្ឋានភ្នំទឹកធំ មានល្អាងដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ដបាន ខុសប្លែកពីតំបន់ទេសចរណ៍ដ៏ទៃទៀត៕
រូបភាព៖ KongKea PS










