មុននឹងឈានដល់ការដណ្តើមមកុដធំ ល្អហួស បានសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាវ័យក្មេងម្តងទៀតក្នុងកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ។ ទោះជាយ៉ាងណា ការប្រកួតជាថ្មីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិវែកញែក អ្នកមួយចំនួនក៏គាំទ្រចំណែកឯអ្នកមួយចំនួនមិនគាំទ្រនោះទេថែមទាំងលើកឡើងថាគួរទុកឱកាសឱ្យអ្នកផ្សេង។
កាដូឆ្នាំថ្មី ផេក Miss Tenn Cambodia បានប្រកាសថា ល្អហួស បានដាក់ពាក្យប្រកួតកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ដែលនាងមានឈ្មោះពេញថា: ជូ រីល្អហួស អាយុ១៦ឆ្នាំ កម្ពស់១៦៧ cm ទម្ងន់៤២kg ទីកន្លែងកំណើតព្រះវិហារ និងមានទីលំនៅបច្ចុប្បន្នភ្នំពេញ។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខណៈដែលមានមតិទាំងគាំទ្រនិងមិនគាំទ្រឱ្យនាងចូលរួមប្រកួត។

មតិមួយចំនួនបានទស្សន៍ទាយថា ល្អហួស មកយកមកុដ ម្ចាស់មកុដច្បាស់ណាស់ ។ ចំណែកមួយផ្នែកទៀតបានបញ្ចេញមតិថា «ខ្ញុំអត់គាំទ្រទេ ព្រោះមិនប្រាកដទេថាគេនឹងឱ្យមកុដគាត់ម្តងទៀត គួរតែទុកឱកាសឲ្យអ្នកផ្សេងទៅ ក្មេងស្រីគួរតែត្រៀមសម្រាប់ Miss Universe ឬក៏ Miss ណាផ្សេងទៀតដែលមិនមែនជាក្រុមតែមួយដូច Miss teen Miss Preteen Miss teenicon …. វាហាក់ដូចជាការលេងហ្គេមមួយចឹង ,ល្អហួសបានទាំងព្រមមិនបាច់ប្រកួតក៏ឈ្នះ ខ្ញុំគិតថាគួរតែទុកឱកាសឱ្យអ្នកមិនទាន់ គ្រាន់តែឃើញល្អហួសដាក់ពាក្យគ្នាបាក់ទឹកចិត្តបាត់ទៅហើយ,រៀងឆ្ងល់តិច កម្មវិធីចាស់គាត់មិនទាន់ទាំងលាលែងតំណែងស្រួលបួលផង ប្រកាសចូលប្រកួតកម្មវិធីថ្មីបាត់…»។
បន្ទាប់ពីមានមតិចម្រុះពីសាធារណជនអំពីការចូលរួមប្រកួតនោះ ល្អហួស បាននិយាយនៅលើបណ្តាញសង្គមដែរថា ការដែលនាងមកប្រកួតលើកនេះគឺនាង មកយកបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីនាង ឈានចូលដល់កម្មវិធីធំៗ នៅថ្ងៃខាងមុខនេះ។ ល្អហួស បានបញ្ជាក់ថាកម្មវិធីសុក្រឹតមិនមែនជាការរៀបចំទុកមុន ខណៈនាងយកសមត្ថភាពនិងបទពិសោធន៍របស់ខ្លួនទៅប្រកួត។

ជាមួយគ្នានេះដែរ អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស ក៏បានលើកឡើងដែរថា ល្អហួស ក៏មានឱកាសដូចជាអ្នកផ្សេងដូចគ្នាមិនមែនធ្លាប់ប្រកួតហើយត្រូវបិទមិនឱ្យចូលរួមប្រកួតទៀតនោះទេ។ អ្នកនាង បន្ថែមថា បើអ្នកដែលចូលប្រកួតគាត់មានសមត្ថភាពនឹងខ្លាំងពូកែជាង ល្អហួស ក៏គ្រងមកុដទៅមិនពិបាកនោះទេមិនថាប្រកួតកម្មវិធី Miss មួយណាទេ គឺត្រូវតែប្រើសមត្ថភាពពិតៗ។

ងាកទៅកាន់ លោក អ៊ិន វិចិត្រ អ្នកគ្រប់គ្រងកម្មវិធីវិញបានបង្ហាញដែរថា ល្អហួស មកប្រកួតជាបេក្ខជនដូចគេដូចឯង។ រឿងអ្វីៗក៏អាចកើតឡើងលើឆាក គណៈកម្មធិការនឹងឱ្យមកុដធំ ទៅអ្នកដែលស័ក្តសមបំផុត ល្អបំផុត ក្នុងរាត្រីចុងក្រោយ។
គួរបញ្ជាក់ផងដែរថា ល្អហួស គឺជាអតីតម្ចាស់មកុដ Miss Preteen Cambodia 2023 និងបានតំណាងកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសថៃហើយបានឈ្នះមកុដ Miss Preteen Junior Idol World 2024 ៕










