ដេត ស្រីនាឌ បានប្រកាសនៅលើបណ្តាញសង្គមនាបំណាច់ឆ្នាំ២០២៤ ដោយសម្រេចចិត្តចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធីណាមួយក្នុងឆ្នាំ២០២៥ដោយតាំងចិត្តខិតខំឱ្យអស់ពីសមត្ថភាព។ ស្រីនាឌ ថានាងដួលកន្លែងណានឹងប្រឹងក្រោកឈរនៅកន្លែងនោះវិញ។ ទោះជាយ៉ាងនេះក្តីទស្សនិកជនជាច្រើនបានចូលទៅខម្មិនលើការបង្ហោះរបស់នាងថា «កុំមកអី»។
.png)
ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដេត ស្រីនាឌ អតីត Miss Planet Cambodia 2024 ដែលបោះបង់ការប្រកួតនៅថ្ងៃផ្តាច់ព្រ័ត្រ បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ជំរាបសួរ លោកអ៊ំពូ មីង លោកតាលោកយាយ និង ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់។ នាងខ្ញុំមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងខ្ញុំក្នុងបញ្ហាដែលបានកើតឡើងកន្លងមក ហើយនាងខ្ញុំមិនអាចបកស្រាយអោយអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងខ្ញុំបានសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ២០២៥ នាងខ្ញុំនឹងជ្រើសរើសការបង្ហាញឆន្ទះរបស់ខ្ញុំចំពោះវិស័យបវរកញ្ញា ក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួតហើយខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំមាន និង សូមពុកម៉ែបងប្អូនផ្តល់ឱកាសឱ្យនាងខ្ញុំបានបង្ហាញនូវឆន្ទះ និង គោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះ »។
ដេត ស្រីនាឌ បានបន្ថែមថា នាងដួលកន្លែងណានាងនឹងខំប្រឹងក្រោកឈរនៅកន្លែងនោះ។
ទោះបីជាយ៉ាងនេះក្តី ទស្សនិកជនជាច្រើនបានបង្ហាញការអស់ជំនឿចិត្តទៅលើនាង ជាមួយនឹងមតិមិនគាំទ្រឱ្យនាងចូលរួមប្រកួតបវរកញ្ញាទៀតឡើយនិងពាក្យផ្លែផ្កាឱ្យនាងជាច្រើនទៀត។ មានមតិតិចតួចបំផុតដែលគាំទ្រ ដេត ស្រីនាឌ ក្នុងវិលត្រឡប់មកវិស័យបវរកញ្ញាសាជាថ្មីក្នុងឆ្នាំ២០២៥។.png)
កន្លងមកនេះបន្ទាប់ពីភាពចម្រូងចម្រាសពេលនាងពហិកាមិនចូលរួមប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ Miss planet International 2024 នាងបានចេញវីដេអូលើបណ្តាញសង្គមពន្យល់ពីមូលហេតុ ចូលរួមផ្តល់បទសម្ភាសនិងរៀបចំធ្វើសន្និសីទសារព័ត៌មានក្តី ប៉ុន្តែទស្សនិកជននៅតែមិនអាចទទួលយកបានចំពោះការបកស្រាយរបស់នាង៕










