វិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះគឺមានការរីកដុះដាលខ្លាំងណាស់ ដោយមានកន្លែងកម្សាន្តល្បីល្បាញជាច្រើនជុំវិញពិភពលោក។ ទោះជាយ៉ាងណាកន្លែងកម្សាន្តល្បីល្បាញចំនួន ៦ នេះ ភ្ញៀវទេសចរគឺមិនអាចទៅទស្សនាបានទៀតទេនៅឆ្នាំក្រោយដោយសារហេតុផលសំខាន់ៗដូចខាងក្រោម៖
១.សណ្ឋាគារល្បីៗចំនួនពីរនៅ Las Vegas សហរដ្ឋអាមេរិក៖ សណ្ឋាគារកាស៊ីណូ Tropicana និង Mirage នៅ Las Vegas នឹងឈប់ទទួលភ្ញៀវនៅឆ្នាំក្រោយ។ មូលហេតុគឺដោយសារសណ្ឋាគារ Tropicana ត្រូវបានកម្ទេចនៅក្នុងខែតុលាដើម្បីសាងសង់កីឡដ្ឋានសម្រាប់ក្រុមកីឡាបេស្បល Oakland Athletics វិញ។ ខណៈសណ្ឋាគារ Mirage នឹងប្តូរឈ្មោះទៅជា Hard Rock ដែលមានរាងដូចហ្គីតា។ ដូច្នេះនៅឆ្នាំ ២០២៥ ភ្ញៀវទេសចរទៅកាន់ទីក្រុងនេះនឹងលែងមានឱកាសស្នាក់នៅ Tropicana និង Mirage ទៀតហើយ។
២.ក្លឹបប៉ារីសដ៏ល្បីល្បាញ Chez Michou៖ Chez Michou គឺជាក្លឹបប៉ារីសដ៏ល្បីល្បាញស្ថិតក្នុងប្រទេសបារាំង ដែលមានតន្ត្រី របាំ និងការសម្តែងកំប្លែង ឥឡូវនេះបានបិទហើយ ដោយសារបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីម្ចាស់ដ៏ល្បីល្បាញ Michel Michou Catty បានទទួលមរណភាពនៅឆ្នាំ ២០២០។ 
៣.សារមន្ទីរសិល្បៈ Rubin នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៖ សារមន្ទីរ Rubin ដែលជាកន្លែងប្រមូលផ្ដុំសិល្បៈហិមាល័យដ៏ធំបំផុតមួយរបស់ពិភពលោកបានប្រកាសបិទជាផ្លូវការហើយ ដោយស្នាដៃមួយចំនួនរបស់ខ្លួន រួមទាំងបន្ទប់ទីសក្ការបូជាពុទ្ធសាសនាទីបេដ៏ពេញនិយម នឹងផ្លាស់ទៅសារមន្ទីរ Brooklyn វិញ។ .png)
៤.សារមន្ទីរសិល្បៈ Fotografiska នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៖ សារមន្ទីរសិល្បៈដ៏សំខាន់មួយទៀតនៅទីក្រុងញូវយ៉កគឺ Fotografiska ក៏បាននិយាយលាទៅកាន់អ្នកទស្សនានៅពេលដែលវាត្រូវបានបិទនៅថ្ងៃទី ២៩ ខែកញ្ញាផងដែរ។
៥.ព្រះវិហារ Wayfarers Chapel នៃរដ្ឋ California សហរដ្ឋអាមេរិក៖ ព្រះវិហារកញ្ចក់ Wayfarers ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលថាជាកន្លែងសម្គាល់ប្រវត្តិសាស្ត្រជាតិនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែកន្លែងនេះបានបិទហើយ ដោយសារការរងគ្រោះនៃការប្រែប្រួលអាកាសធាតុនៅពេលប្រឈមមុខនឹងហានិភ័យនៃការរអិលបាក់ដីធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ អ្នកដែលទទួលខុសត្រូវមើលថែព្រះវិហារ ក៏សម្រេចចិត្តរុះរើកន្លែងនេះហើយកំពុងរកកន្លែងផ្សេងជំនួសវិញ។.png)
៦.ផ្លូវតូចៗនៅ Kyoto ប្រទេសជប៉ុន៖ រាជធានីបុរាណនៃទីក្រុងក្យូតូ គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ ប៉ុន្តែដោយសារតែភាពល្បីល្បាញនេះ អ្នករស់នៅទីនេះតែងមានការរំខានដោយសារភ្ញៀវកក់កុញពេក ធ្វើឱ្យក្រុមប្រឹក្សាមូលដ្ឋានបានបោះឆ្នោតបិទផ្លូវ និងផ្លូវដើរជាច្រើននៅក្នុងទីក្រុងក្យូតូ ដើម្បីការពារភ្ញៀវទេសចរពីការថតរូប geisha ដោយគ្មានការអនុញ្ញាត។ ហេតុនេះអ្នកទេសចរនឹងមិនអាចចូលទៅក្នុងតំបន់ទាំងនេះបានទៀតឡើយ៕










