ប្រទេសជប៉ុន ៖ Dassai គឺជាក្រុមហ៊ុនជប៉ុនដ៏ល្បីល្បាញមានគម្រោងផលិតស្រា សាកេ នៅកន្លែងខ្ពស់បំផុតពីផែនដី គឺលើអវកាស ហើយក្រុមហ៊ុននឹងដាក់លក់ក្នុងតម្លៃ១០០លានយ៉េន (ឬស្មើជាង៦៣ម៉ឺនដុល្លារអាមេរិក) សម្រាប់ស្រាសាកេ ច្រកដបក្នុងចំណុះ១០០មីល្លីលីត្រ ។
សាកេ ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃវប្បធម៌ជប៉ុន ដែលផលិតឡើងពីគ្រឿងផ្សំសំខាន់ៗ ដូចជា ៖ ទឹក អង្ករ និងផ្សិត ប៉ុន្តែសាកេដែលផលិតមកនេះ នឹងមានរសជាតិខុសៗគ្នាអាស្រ័យលើបរិស្ថានជុំវិញកន្លែងផលិត ។ បើកន្លែងផលិតមានសំណើម និងសីតុណ្ហភាពខុសគ្នាតែបន្តិច គឺធ្វើឱ្យរសជាតិរបស់សាកេ ខុសៗគ្នាដែរ ។.png)
បច្ចុប្បន្ន ក្រុមហ៊ុន Dassai ផលិតស្រាសាកេដ៏ល្បីមានគម្រោងផលិតសាកេនៅលើអវកាស និងលក់ឱ្យអតិថិជន ។ កន្លងមក ក្រុមហ៊ុនធ្លាប់បានបញ្ជូនគ្រឿងផ្សំសម្រាប់ផលិតស្រាឡើងទៅលើអវកាស ហើយបានយកចុះមកផែនដីវិញ ប៉ុន្តែលើកនេះ ក្រុមហ៊ុននឹងផលិតស្រាសាកេ នៅក្រៅផែនដីយ៉ាងពិតប្រាកដ ហើយគេចាត់ទុកថា គឺជាការផលិតក្រៅផែនដីលើកដំបូងគេ ។

ក្រុមហ៊ុននឹងផ្សំអង្ករម៉ូណូរិ ចំនួន៥២០ក្រាមនៅលើអវកាស និងក្លាសេវាសម្រាប់បញ្ជូនមកផែនដី ។ បន្ទាប់មក ក្រុមហ៊ុននឹងយកអង្ករម៉ូណូរិ មកផលិតជាស្រាសាកេ ហើយសាកេដែលផលិតបានភាគច្រើន គឺនឹងយកទៅវិភាគ លើកលែងតែស្រាសាកេ ចំនួន១០០មីល្លីលីត្រ គឺក្រុមហ៊ុននឹងច្រកដបលក់ក្នុងតម្លៃ១០០លានយ៉េន ។ សាកេនេះ មានឈ្មោះថា «Dassai Moon Uchu Jozo» ឬ «Dassai Moon Space Brewing» ហើយប្រាក់បានពីការលក់ស្រា ក្រុមហ៊ុននឹងផ្តល់ទៅឱ្យគម្រោងអវកាសជប៉ុន ។
ចំណែកគម្រោងនាថ្ងៃអនាគត គឺក្រុមហ៊ុន Dassai នឹងផលិតស្រាសាកេនៅលើឋានព្រះច័ន្ទ ហើយនឹងប្រើប្រាស់ទឹកដែលទើបរកឃើញលើឋានព្រះច័ន្ទ ។ គម្រោងថ្ងៃអនាគតរបស់ក្រុមហ៊ុនជប៉ុនបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ប៉ុន្តែវាជាចំណុចចាប់ផ្តើមក្នុងការផលិតស្រាប្លែកពីគេលើពិភពលោក ៕










