ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Matichon រាយការណ៍ថា ដោយសារការរីកចម្រើនផ្នែករថយន្តអគ្គិសនី និងការពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃកើនឡើងជាបន្តបន្ទាប់ មន្ត្រីក្រសួងពាណិជ្ជកម្មថៃបានសម្លឹងឃើញឱកាសវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់នាថ្ងៃអនាគត ។
.png)
លោកស្រី ស៊ុណាន់តា កាំងវ៉ាលកុឡាកិច មន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មនិយាយថា នាយកដ្ឋានបានស្នើឱ្យមន្ត្រីស្ថានទូតថៃប្រចាំប្រទេសនានាពិនិត្យឱកាសនាំចេញផលិតផលថៃ ស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលជំរុញឱ្យក្រុមហ៊ុនថៃវិនិយោគក្នុងទីផ្សារពុំប៉ះពាល់បរិស្ថាន ។ 
បន្ទាប់មក នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ក៏បានទទួលសេចក្តីរាយការណ៍ពីលោក និរ៉ាវ៉ាត់ រ៉ាំងស៊ីកាន ប្រធានការិយាល័យជំរុញពាណិជ្ជកម្មក្រៅប្រទេស ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថា ក្រុមហ៊ុនថៃអាចវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់កើនឡើង ។
បច្ចុប្បន្ន រថយន្តអគ្គិសនីមានឱកាស និងសក្តានុពលកំណើនខ្ពស់នៅកម្ពុជា ពីព្រោះមិនត្រឹមតែជួយការពារបរិស្ថាន និងលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាបានជំរុញឱ្យជ្រើសរើសប្រើប្រាស់ថាមពលផងដែរ ខណៈរថយន្តអគ្គិសនីទទួលបានការពេញនិយមពីពលរដ្ឋខ្មែរជាបន្តបន្ទាប់ ។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដោយកំណត់គោលដៅមានរថយន្តអគ្គិសនី ចំនួន៨សែនគ្រឿង និងស្ថានីយសាករថយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងឆ្នាំ២០៣០ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។
លោកស្រី ស៊ុណាន់តា បន្តថា បញ្ហាបរិស្ថាន និងគ្រោះធម្មជាតិចាប់ផ្តើមកើតឡើងនៅទូទាំងពិភពលោក ធ្វើឱ្យប្រទេសនានាបង្កើនការអភិរក្សបរិស្ថាន ហើយកម្ពុជាក៏បានអភិរក្សបរិស្ថានដែរ តាមរយៈការប្រើប្រាស់រថយន្តអគ្គិសនី ។ ហេតុនេះ វាជាឱកាសរបស់ក្រុមហ៊ុនថៃ ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងឧស្សាហកម្មផលិតរថយន្តអគ្គិសនី អាចវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា ពីព្រោះតម្រូវការប្រើប្រាស់នឹងកើនឡើង នាថ្ងៃអនាគត ៕










