ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម និងគ្រូពេទ្យថៃបានបង្ហាញការសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer លោក ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួន ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាប្លែកៗជាញឹកញាប់ ។
ក្រោយការស្លាប់របស់ Influencer រូបនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយមានសំណួរថា តើវាជាកំហុសអ្នកណារវាងអ្នកជួលឱ្យគេផឹកស្រា និងអ្នកផឹកស្រាព្រោះតែចង់បានប្រាក់ចំនួន៣ម៉ឺនបាត (ឬស្មើនឹង៨៨២ដុល្លារអាមេរិក) និងពុំគិតពីផលប៉ះពាល់សុខភាព ឬអាយុជីវិតរបស់ខ្លួន?.png)
ហ្វេសប៊ុកផេករបស់គ្រូពេទ្យថៃឈ្មោះ សុរ៉ាត់ បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ជីវិ.ត របស់ Influencer រូបនេះ ដោយសារការបង្កើតមាតិកាផឹកស្រាលើកដាច់អស់ពីកែវត្រឹមតែរយៈពេលខ្លី ។ លោកគ្រូពេទ្យហាមដាច់ខាតកុំផឹកស្រាច្រើនយ៉ាងឆាប់រហ័សបែបនេះ ជាពិសេស នៅថ្ងៃឆ្លងឆ្នាំ ពីព្រោះអាចស្លាប់ដូចករណីខាងលើ ។.png)
លោកគ្រូពេទ្យ សុរ៉ាត់ និយាយថា ៖ «ការបង្កើតមាតិការបស់ Influencer លើពិភពលោក ដូចជា ការផឹកស្រាក្នុងរយៈពេលខ្លីរហូតដល់ស្លាប់នេះ ធ្លាប់កើតឡើងរួចមកហើយ ប៉ុន្តែបច្ចុប្បន្ន មនុស្សខ្លះនៅតែប្រព្រឹត្ត ។ ជាក់ស្តែង Influencer ថៃម្នាក់បានស្លាប់ក្រោយពីផឹកស្រាអស់ច្រើន ផឹកលឿន និងលើកដាច់ ហើយពុំដឹងថាខ្លួនមានជំងឺប្រចាំកាយ» ។
Influencer រូបនេះបានផឹកស្រាអស់យ៉ាងច្រើនយ៉ាងឆាប់រហ័ស ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ប៉ុន្តែចុងក្រោយ ត្រូវបាត់បង់ជីវិត ។ ដូច្នេះ ចូរឈប់បង្ខំឱ្យមិត្តភក្តិ ឬសាច់ញាតិផឹកស្រាដើម្បីប្តូរយកប្រាក់រង្វាន់ទៀតទៅ ប្រយ័ត្នអ្នកផឹកស្លាប់ ហើយអ្នកបង្ខំឱ្យគេផឹក អាចនឹងជាប់ពន្ធនាគារ ។
រាងកាយរបស់មនុស្សម្នាក់ៗពុំដូចគ្នាទេ អ្នកខ្លះផឹកស្រាហើយគ្មានបញ្ហាអ្វី ប៉ុន្តែអ្នកខ្លះទៀតស្លាប់ ។ ការផឹកស្រាអស់ច្រើនយ៉ាងឆាប់រហ័សនេះនឹងបណ្តាលឱ្យពុលស្រាភ្លាមៗ ពីព្រោះអាល់កុលបានចូលក្នុងរាងកាយជាបន្តបន្ទាប់ ហើយអ្នកផឹកពុំបានឱ្យរាងកាយបានសម្រាក ឬមានពេលបញ្ចេញអាល់កុល ហើយអាល់កុលនឹងកើនឡើងលឿនក្នុងសរសៃឈាម, ក្អួតចង្អោរ, ពិបាកដកដង្ហើម និងស្លាប់ ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យ ៕










