ទីបំផុតអាល់ប៊ុមទី៣ របស់តារាចម្រៀងរ៉េប វណ្ណដា កាន់តែខិតជិតមកដល់ហើយមិនត្រឹមតែប៉ុណ្ណោះតារារ៉េបរូបនេះបានផ្តល់កាដូធំជូនអ្នកគាំទ្រជាមួយនឹងបទពិសោធន៍តន្រ្តីថ្មីៗក្នុងកម្មវិធីជប់លៀងនៅខែមករា ឆ្នាំ២០២៥។ មុននឹងរៀបចំកម្មវិធីនេះ វណ្ណដា ក៏នឹងចូលរួមក្នុងកម្មវិធី សាទរកម្ពុជា ដែលជាកម្មវិធីពិធីពិសេសមួយ។
បន្ទាប់ពីបង្ហើបអាល់ប៊ុមទី៣កន្លងមកទៅបំផុតដំណើរការអាល់ប៊ុមថ្មីរបស់តារាចម្រៀង វណ្ណដា កាន់តែកៀកមែនទែនហើយ។ អ្វីដែលអ្នកគាំទ្ររំភើបចិត្តអាល់ប៊ុមទី៣នេះ វណ្ណដា បានប្រកាសថានឹងមានកាដូពិសេសដោយអ្នកគាំទ្រអាចទិញសំបុត្រចូលរួមក្នុងកម្មវិធីជប់លៀងដែលមានរយៈពេល២ថ្ងៃនៅខែមករា ខាងមុខ។

តាមការប្រកាសរបស់ វណ្ណដា នៅលើបណ្តាញសង្គមថ្ងៃទី២៤ ថា «សូមស្វាគមន៍មកកាន់ The VannDa Listening Party Experience: Road to Album III យើងមកបើកឆាកខែដំបូងនៃឆ្នាំ ២០២៥ ជាមួយគ្នា ហើយខ្ញុំពិតជារំភើបមែនទែនដែលនឹងបានជួបអ្នកគាំទ្រទាំងអស់គ្នាឆាប់ៗនេះ ជាមួយអ្វីពិសេសៗជាច្រើនដែលខ្ញុំបានត្រៀមនឹងបង្ហាញ ហើយអាចធ្វើឱ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីគោលដៅតន្ត្រីរបស់ខ្ញុំនៅក្នុងឆ្នាំថ្មីនេះ។ កម្មវិធីនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៤ និង ២៥ ខែ មករា ឆ្នាំ ២០២៥ ហើយកន្លែងមានកំណត់ ដូច្នេះត្រៀមទាំងអស់គ្នាដើម្បីមកទទួលយកបទពិសោធន៍តន្ត្រីថ្មីៗជាមួយខ្ញុំ!»។

វណ្ណដា បានអះអាងទៀតថា នេះគ្រាន់តែជាមួយផ្នែកក្នុងកាដូររបស់លោកជូនអ្នកគាំទ្រ ក្នុងឆ្នាំ ២០២៥ ហើយលោកសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលចិត្ត។
មុននឹងជួបជុំអ្នកគាំទ្រសម្រាប់អាល់ប៊ុមទី៣ វណ្ណដា ក៏បានប្រកាសអំពីការចូលរួមរបស់លោកក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ នេះដែលរៀបចំទ្បើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានកម្មវិធីពិសេសៗជាច្រើន។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជាក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការសម្ដែងសិល្បៈទស្សនីយភាពចម្រុះ ដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ កម្មវិធីពិសេសនេះគឺចាប់ពីវេលាម៉ោង ៣:០០ រសៀល រហូតដល់ម៉ោង ១:០០ ទាបភ្លឺ នៅមុខព្រះបរមរាជវាំង៕










