ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបនិងស្គាល់យ៉ាងច្បាស់ ល្ខោនបាសាក់វង់ភីសុគន្ធី ជាវង់ល្ខោនដ៏មានប្រជាប្រិយភាពមួយនៃប្រទេសកម្ពុជា។ សាច់រឿងល្ខោននីមួយៗ ក៏ដូចជាទេពកោសល្យរបស់តួសម្តែង នឹងនាំឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ រហូតដល់ភ្លឺ ក៏ចង់ត្រឡប់ទៅគេហដ្ឋានវិញដែរ។
ថ្មីៗនេះ យោងតាមការដាក់បង្ហោះរបស់អ្នកនាងផន សុផារី ដែលជាអតីតតារាកំប្លែង ជាតួសម្តែងល្ខោន និងជាកូនស្រីម្ចាស់វង់ល្ខោនភី សុគន្ធីផ្ទាល់ បានទម្លាយរឿងរ៉ាវអបីយជំនឿ ក៏ដូចជាអព្ភូតហេតុចម្លែកៗដែលតែងកើតមានឡើងទៅលើតួសម្តែង ក្រោយពេលបញ្ចប់ការសម្តែងល្ខោន។
អ្នកនាងផន សុផារី បានលើកឡើងថា «សាច់រឿងមួយ ក្រោមចំណងជើងថា បីសាចក្រមុំ ត្រូវបានម៉ាក់របស់នាងខ្លាចមិនហ៊ានសម្តែងជាង ៣០ ឆ្នាំមកហើយ! ដោយសារតែនៅពេលដែលសម្តែង គឺតែងតែមានអព្ភូតហេតុឬរឿងរ៉ាវចម្លែកៗកើតឡើងជាមួយនឹងក្រុមសិល្បៈ។ ក្រោយសម្តែងរឿងនេះហើយ តួអង្គសម្តែងគឺតែងតែឈឺថ្កាត់តែម្តង ចំណែកតួអង្គខ្លះទៀតក៏មានបញ្ហារកាំរកូស ក៏ដូចជាមានគ្រោះថ្នាក់នៅពេលត្រឡប់ទៅវិញ។ បើស្តាប់ទៅអាចគិតថាវាជារឿងធម្មតានិងជាភាពចៃដន្យប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលបានជួបច្បាស់ទើបដឹងថា រឿងរ៉ាវចម្លែកៗគឺពិតជាមានមែន!»។
ជាមួយនឹងនោះ អ្នកនាងក៏បានបង្ហាញពីឃ្លីបវីដេអូមួយ ដែលតួសម្តែងល្ខោនម្នាក់ បានបញ្ចេញសម្លេងសើចយ៉ាងគួរឲ្យខ្លាចនៅលើឆាក ដោយគូសបញ្ជាក់ថានេះគឺខុសពីសម្លេងដែលគាត់សម្តែងតាមធម្មតាផងដែរ៕










