Sea angel ឬហៅថាទេពអប្សរសមុទ្រ ថ្មីៗនេះត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រមួយនៃប្រទេសអូស្ត្រាលី។ យោងតាមការសិក្សា សត្វមួយប្រភេទនេះគឺមានពាសពេញសមុទ្រទូទាំងពិភពលោកតែម្តង គ្រាន់តែវាមិនងាយបង្ហាញខ្លួន ដោយសារវារស់នៅក្នុងសមុទ្រជ្រៅ និងត្រជាក់។ Sea angel គឺពិតជាមានរូបរាងប្លែក និងស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាកូនទេពអប្សរនៅក្នុងសមុទ្រអ៊ីចឹង បានកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ .png)
នេះបើយោងតាមការចុះផ្សាយរបស់ Live Science សត្វមួយប្រភេទនេះ មិនត្រឹមតែមានរូបរាងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងមានលក្ខណៈពិសេសអាចផ្លាស់ប្ដូរភេទបានទៀតផង ចំណែកឯការបន្តពូជរបស់វាវិញរឹតតែល្អមើលមិនអាក្រក់ដូចសត្វដទៃទេ បែរជាដូចគូស្នេហ៍រាំលេងទៅវិញ។ សត្វនេះមានសំបកដូចខ្យងតាំងពីកំណើត ប៉ុន្តែដល់ធំពេញវ័យវាមិននៅក្នុងសំបកទៀតទេប្រៀបដូចមេអំបៅដែរ ប៉ុន្តែអ្នកកុំយល់ច្រឡំថាវាជាមិត្តភក្តិនឹងមេអំបៅសមុទ្រឱ្យសោះ ព្រោះមេអំបៅសមុទ្រជាចំណីរបស់ទេពអប្សរសមុទ្រនេះទេ។ 
ឈ្មោះជាទេពអប្សរមែនតែស៊ីសាច់ជាអាហារ បើនិយាយពីតិចនិកសម្លាប់វិញគឺមានខុសៗគ្នាទោះបីជាសត្វប្រភេទតែមួយក៏ដោយ ពួកវាហែលទឹកលឿនជាងចំណីរបស់វាដល់ទៅពីរដងឯណោះ។ សត្វទេពអប្សរសមុទ្រគឺជាសត្វល្អិតតូចៗមានប្រវែងធំអស់ត្រឹម ៧សង់ទីម៉ែត្រ ពួកវាបានឈ្មោះនេះមកពីស្លាបដ៏គួរឱ្យទាក់ទាញលើខ្លួនរបស់វា រាល់ពេលវាហែលម្ដងៗគួរឱ្យគយគន់ណាស់ ជាពិសេសរាងកាយថ្លារបស់វាអាចមើលធ្លុះដល់គ្រឿងក្នុងតែម្ដង។

គួរបញ្ជាក់ដែរថា ទេពអប្សរសមុទ្រមិនមែនជាសត្វទើបតែមានថ្មីៗនេះទេ វាជាសត្វចំណាស់បំផុតមួយក្នុងលោក ដែលមានអាយុកាលប្រហែល ១៣០ លានឆ្នាំមកហើយមានន័យថា ពួកវាបានរួចផុតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំមួយ ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពួកវាដើម្បីមើលថាតើពួកវាមានគន្លឹះបង្រៀនយើងអំពីភាពធន់ដែរឬអត់។ ក្រៅពីនេះអ្នកក៏គួរដឹងថា សំបករបស់មេអំបៅសមុទ្រមានលក្ខណៈស្តើងងាយរលាយក្នុងទឹកសមុទ្រដែលមានជាតិអាស៊ីតខ្លាំងពេក ដូច្នេះជាតិអាស៊ីតក្នុងសមុទ្រដែលបណ្ដាលមកពីមនុស្សកំពុងបំផ្លាញចំណីរបស់ទេពអប្សរសមុទ្របណ្ដើរៗហើយ ជាហេតុអាចធ្វើឱ្យសត្វនេះផុតពូជយ៉ាងឆាប់រហ័ស៕










