កោះពោធិ៍មានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាកោះមួយដែលមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ សម្រាប់ភ្ញៀវទេសចរដែលមិនចូលចិត្តដើរឆ្ងាយ ប៉ុន្តែចង់បានទិដ្ឋភាពសមុទ្រស្អាតៗដូចឋានសួគ៌ តំបន់កោះពោធិ៍គឺពិតជាសក្តិសមបំផុត។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើនដូចជា កោះទន្សាយ កោះហាល និងកោះស្វាយព្រៃជាដើម ដោយជិះកាណូតប្រមាណ ១ ម៉ោង យើងនឹងបានទៅដល់កោះពោធិ៍តាមក្តីស្រម៉ៃ។.png)
កោះពោធិ៍ជាកោះធម្មជាតិ ហ៊ុមព័ទ្ធដោយថ្មប៉ប្រះទឹក ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចម្រុះ ហើយបងប្អូនអាចលេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក អាំងភ្លើង និយាយរឿងក្នុងចិត្តបានយ៉ាងស្រួល ក៏ដូចជាកាត់បន្ថយនូវភាពស្មុគស្មាញ និងភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយផងដែរ។ ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ ទឹកសមុទ្រពណ៌ខៀវស្រងាត់ អាចធ្វើឱ្យអារម្មណ៍លោកអ្នកសប្បាយរីករាយ និងបន្សល់តែការចងចាំល្អៗ។

កោះពោធិ៍ សម្បូរទៅដោយរលកតូចៗ និងអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មករំភើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ។ កន្លែងនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្ដជាហូរហែ ដោយសារតែកោះនេះមិនសូវឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ។ ភ្ញៀវទេសចរដែលមកកោះនេះតែងតែមកសម្រាកកំសាន្តនាពេលចុងសប្តាហ៍ ឬនៅពេលមានបុណ្យទានម្តងៗ ដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិ។ 
សូមជម្រាបដែរថា កោះនេះនៅជិតទីក្រុងកែបនិងមានសុខសុវត្ថិភាពខ្ពស់បំផុតនៅពេលធ្វើដំណើរតាមទូក ហើយជាពិសេសភ្ញៀទេសចរក៏អាចស្នាក់កំសាន្តនៅលើកោះ ជាមួយអារហារឆ្ងាញ់ៗនិងតម្លៃសមរម្យទៀតផង៕










