ប្រទេសជប៉ុន៖ ភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងតូក្យូ បានបញ្ឈប់សេវាកម្មទះកំផ្លៀងអតិថិជនហើយ ដោយសព្វថ្ងៃហាងមួយនេះលក់តែអាហារ និងភេសជ្ជៈធម្មតាប៉ុណ្ណោះ មិនមានសេវាកម្មទះកំផ្លៀងអតិថិជនដូចមុននោះទេ។
.png)
កាលពីឆ្នាំ ២០២៣ ភោជនីយដ្ឋាន Yotteba ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនគឺមានភាពល្បីល្បាញខ្លាំងណាស់ ដោយសារពួកគេបានផ្តល់សេវាកម្មចម្លែកមួយ គឺការទះកំផ្លៀងអតិថិជន ដើម្បីជួយអ្នកស្រវឹងមានស្មារតីគ្រប់គ្រាន់ត្រឡប់ទៅផ្ទះវិញ ដែលសេវាកម្មនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។
ការទះកំផ្លៀងនីមួយៗនឹងត្រូវធ្វើឡើងដោយបុគ្គលិកស្រីនៅក្នុងហាង ដោយអតិថិជនត្រូវតែចំណាយប្រាក់ ៥០០ យ៉េន ដើម្បីឱ្យបុគ្គលិកហាងទះកំផ្លៀង។ ទោះជាយ៉ាងណាបច្ចុប្បន្នសេវាកម្មនេះត្រូវបានគេបញ្ឈប់ជាផ្លូវការហើយ ដោយសារអតិថិជនជាច្រើនបានដាក់ពាក្យបណ្តឹង ចំពោះមូលហេតុដែលបុគ្គលិកក្នុងហាងបានទះពួកគេរហូតដល់សន្លប់។ ថ្មីៗនេះអង្គភាពបានទទួលពាក្យបណ្តឹងពីអ្នកហូបចុកម្នាក់ ដែលបាននិយាយថា គាត់រងរបួសក្បាល បន្ទាប់ពីត្រូវបានគេទះ។
ម្ចាស់ភោជនីយដ្ឋាន Yotteba បាននិយាយថា ដំបូងឡើយសេវាកម្មនេះត្រូវបានបើកក្នុងគោលបំណងផ្សាយពាណិជ្ជកម្មសប្បាយៗ មិនគិតថានឹងទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។ ពេលយើងដឹងថាការទះកំផ្លៀងប៉ះពាល់ដល់សុខភាពអតិថិជនយើងក៏ឈប់ធ្វើ។ ដូច្នេះភោជនីយដ្ឋាន Yotteba នឹងលែងមានសេវាកម្មចម្លែកនេះតទៅទៀតហើយ ដោយម្ចាស់ហាងចង់ផ្តោតលើគុណភាពអាហារ និងកែលម្អឡើងវិញ។

គួរបញ្ជាក់ដែរថា នេះមិនមែនជារឿងចម្លែកទេក្នុងប្រទេសជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២៤ ភោជនីយដ្ឋានរបស់ជប៉ុនមួយកន្លែងផ្សេងទៀតក៏មានសេវាកម្មស្រែកគំហកដាក់ភ្ញៀវផងដែរ ដែលសេវាកម្មនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយថ្មីៗនេះព្រះសង្ឃមួយអង្គក៏បានបើកក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុងតូក្យូទៀតផង កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម៕










