ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា មន្ទីរសុខាភិបាលថៃបានដាស់តឿនឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួន ក្រោយរកឃើញកូនសិស្ស គ្រូ និងបុគ្គលិកសាលាឆ្លងជំងឺ Norovirus រហូតដល់១,៤៣៦នាក់ ដោយសារពួកគេចូលរួមក្នុងកម្មវិធីប្រកួតកីឡារបស់សាលារៀននៅស្រុកក្លេង ខេត្តរ៉ាក់យ៉ង ។

Norovirus គឺជាជំងឺឆ្លងរាតត្បាតមួយដែលពិភពលោកកំពុងតាមដាន ក្រោយពីវាឆ្លងខ្លាំងនៅប្រទេសចិន ។ ជំងឺនេះនឹងបណ្តាលឱ្យរលាកប្រព័ន្ធរំលាយអាហារ ឈឺពោះ ក្អួតចង្អោរ ហើយវានឹងធ្វើទុក្ខធ្ងន់ធ្ងរលើកុមារ មនុស្សចាស់ និងអ្នកសុខភាពខ្សោយ ហើយបច្ចុប្បន្ន ពុំទាន់រកឃើញថ្នាំការពារនៅឡើយទេ ។
កាលពីថ្ងៃទី១៦ ខែធ្នូ កន្លងមក អគ្គនាយករងនៃមន្ទីរសុខាភិបាល លោក ធិទិ ស្វែងថាំ និយាយថា ជំងឺ Norovirus បានឆ្លងរាតត្បាតខ្លាំងក្នុងសាលារៀន២កន្លែងនៅស្រុកក្លេង ខេត្តរ៉ាក់យ៉ង គឺកូនសិស្សឆ្លងចំនួន១,៤១៨នាក់ រីឯគ្រូ និងបុគ្គលិកសាលា ឆ្លង១៨នាក់ សរុបស្មើនឹង១,៤៣៦នាក់ ។.png)
មូលហេតុបណ្តាលឱ្យជំងឺនេះឆ្លងខ្លាំងក្នុងសាលារៀនទាំង២ គឺមេរោគនៅលាយឡំជាមួយទឹក និងទឹកកក ដែលកូនសិស្សផឹកពេលមកចូលរួមប្រកួតកីឡា ហើយកូនសិស្សបានឆ្លងជំងឺនេះច្រើនដោយសារប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សពេញវ័យ ។ ជំងឺនេះឆ្លងច្រើននៅរដូវរងា ជាពិសេស សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ កន្លែងថែទាំកុមារតូចៗ រថយន្តក្រុង និងនាវាទេសចរណ៍ ។
ជំងឺនេះងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមយៈការបរិភោគអាហាររួមគ្នា និងឆ្លងតាមទឹក អាកាសធាតុ ការប៉ះពាល់ និងការដកដង្ហើម ។ ក្រៅពីនេះ វាឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ ការប៉ះពាល់សម្ភារៈផ្ទុកមេរោគ Norovirus និងបរិស្ថានគ្មានអនាម័យ ។.png)
*វិធីការពារខ្លួនកុំឱ្យឆ្លងជំងឺ Norovirus ៖
-បរិភោគអាហារទើបចម្អិនថ្មីៗ និងប្រើប្រាស់ស្លាបព្រារួមដួសអាហារ
-លាងបន្លែ និងផ្លែឈើឱ្យស្អាត
-លាងដៃដោយទឹកស្អាត សាប៊ូដុំ និងអាល់កុល មុននិងក្រោយធ្វើការងារប្រចាំថ្ងៃ
-ផឹកទឹកស្អាត និងចៀសវាងការប៉ះពាល់ទឹកមិនស្អាត
*រោគសញ្ញា និងភាពធ្ងន់ធ្ងររបស់ជំងឺ Norovirus ៖ គឺរាគរូស ចុកពោះ ក្អួតចង្អោរ ឈឺក្បាល ក្តៅខ្លួន ឈឺចាប់ខ្លួនប្រាណ និងអស់កម្លាំង ។.png)
វានឹងចាប់ផ្តើមបញ្ចេញរោគសញ្ញា ចាប់ពី២៤ម៉ោង ទៅ៤៨ម៉ោង ក្រោយពេលឆ្លង ហើយធ្វើទុក្ខខ្លាំងចំពោះកុមារដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជា ៖ ខ្វះខាតទឹកខ្លាំង និងអាចស្លាប់បាន បើពុំព្យាបាលទាន់ពេលវេលា ៕










