ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងនៅលើបណ្តាញសង្គមថាស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ។ ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ ជាម្តាយបានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវមកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែល្អហួស នៅក្មេងខ្ចីនៅឡើយ។

ជឿជាក់ថាទស្សនិកជនជ្រាបមកហើយថា ល្អហួស ដែលជាបវរកញ្ញាវ័យក្មេងប្រកួតនៅលើឆាកអន្តរជាតិដណ្តើមបានមកុដធំជាអ្នកសិល្បៈម្នាក់ពោរពេញដោយទេពកោសល្យច្រើនផ្នែកនិងមានសម្រស់ស្រស់ស្អាតដូច្នេះមិនខ្វះទេបុរសជាច្រើនប៉ងប្រាថ្នា។ តួយ៉ាង ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់ ល្អហួស ស្រាប់តែបង្ហាញនៅលើទំព័រហ្វេកប៊ុកថាកូនស្រីរបស់ខ្លួនមានអ្នកចង់ចូលចែចូវ។
.png)
អ្នកនាង ដេននី ក្វាន់ បានបង្ហោះនៅព្រឹកថ្ងៃទី១៦ ធ្នូ ថា «ដឹងហើយថាមកតាមផ្លូវទៅតាមច្បាប់ តែកូនស្រីខ្ញុំគាត់នៅក្មេងខ្ចីពេក អនាគតគាត់នៅវែងឆ្ងាយណាស់មិនទាន់គិតរឿងគូស្រករអីទេ សុំទោសផងជំទាវបង»។ ការសម្រេចចិត្តរបស់ម្តាយល្អហួស បានធ្វើឱ្យទស្សនិកជនជាច្រើនថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងនាមជាអាណាព្យាបាលមួយរូបព្រោះតែល្អហួស នៅក្មេងខ្ចី ខណៈអ្នកគាំទ្រចង់ឱ្យនាងប្រឡូកវិស័យ Kpop ។
បន្ទាប់ពីម្តាយចេញមកបញ្ជាក់ច្បាស់ៗបែបនេះ ងាកទៅកាន់ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមដែរថានាងស្ថិតនៅវ័យសិក្សានាងមិនទាន់គិតពីរឿងស្នេហានោះទេ ស្របពេលមានគោលបំណងសាងមុខមាត់ជូនប្រទេសជាតិ។ 
ល្ងាចថ្ងៃទី១៦ ធ្នូ Miss Preteen Junior Idol World 2024 បានបង្ហោះថា «នាងខ្ញុំមិនយកស្នេហាចូលខ្លួននៅក្នុងវ័យសិក្សានោះទេ នាងខ្ញុំត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯង អោយកាន់តែខ្លាំង ព្រោះនាងខ្ញុំត្រូវធ្វើរឿងជាច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា នៅថ្ងៃខាងមុខ»។
ក្នុងអាជីពរបស់ខ្លួន កន្លងមកនេះល្អហួស ត្រូវបានហ្វេនៗផ្គូរផ្គងជាមួយនឹង សុវត្ថិ មុនីវណ្ណ កូនច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បន្ទាប់ពីអ្នកទាំងពីរថត MV ជាមួយគ្នា។ 
គួរបញ្ជាក់ផងដែរថា ក្តីបំណងធំមួយទៀតក្នុងវិស័យបវរកញ្ញារបស់ ល្អហួស គឺនាងចង់ប្រកួតនៅក្នុងកម្មវិធីធំតាំងចិត្តដណ្តើមមកុដធំដោយដើមឡើងចង់ប្រកួត Miss Grand ប៉ុន្តែដោយសារតែបញ្ហាចម្រូងចម្រាសកន្លងមកនាងសម្រេចចិត្តមិនប្រកួតកម្មវិធីនេះវិញ ។ ចំណែកឯកម្មវិធីអ្វីដែលល្អហួស សម្រេចចិត្តចូលនៅពេលអាយុគ្រប់១៨ឆ្នាំនៅមិនទាន់ច្បាស់ទេនាពេលនេះ។ កាលពីចុងខែមីនា ល្អហួស បានដណ្តើមមកុដធំនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024៕










