តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញពីលទ្ធផលដែលបទថ្មីរបស់ខ្លួនទើបតែជាប់ Trending លេខ១នៅលើយូធូបកម្ពុជាបន្ទាប់ពីចេញបានជាង១សប្តាហ៍។ ចំណុចសម្គាល់មួយទៀតរបស់ទស្សនិកជនគឺតារាចម្រៀងរូបនេះក៏បានបង្ហាញការគាំទ្រស្តាប់បទ អាមុំបងអើយ របស់សិល្បករ វណ្ណដា ផងដែរ។
នៅថ្ងៃទី១៦ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបមួយសន្លឹកអមដោយចំណងជើងថា « top1 trending in cambodia ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុង youtubeក្នុងខែនេះ»។ ជាមួយនឹងលទ្ធផលដែលតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញគឺគេបានឃើញថាបន្ទាប់ពីបទរបស់ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាបទ អាមុំបងអើយ របស់ តារារ៉េប វណ្ណដា ។ 
ជាកត់សម្គាល់តាមរូបភាពនេះបានបញ្ជាក់ថារៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានគាំទ្រស្តាប់បទរបស់ វណ្ណដា ដូចគ្នាតាមរយៈខ្សែបន្ទាត់ពណ៌ក្រហមដែលបញ្ជាក់ថាមានការចូលមើលនិងស្តាប់បទចម្រៀងនេះ។ នេះបញ្ជាក់ថាសិល្បករខ្មែរគឺមានភាពសាមគ្គីនិងស្រលាញ់គ្នាទោះបីជាស្ថិតនៅទ្រនំផ្សេងគ្នាក៏ដោយ។
កាលពីថ្ងៃទី៤ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូខ្លីអំពីបទចម្រៀងខាងលើនេះដោយដើរតួជាអ្នកប្រមូលសំរាមនិងអត្ថន័យឆ្លុះបញ្ចាំងពីជីវិតការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតមានមតិជាច្រើនពោលថា អាយដលពីមុនត្រឡប់មកវិញហើយ។ MV «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» បានទម្លាក់កាលពីថ្ងៃទី៦ ធ្នូ ដែលមកទល់ពេលនេះមានការស្តាប់លើសពី២លានដងក្នុងរយៈពេល១០ថ្ងៃ។

ចំណែកឯបទ អាមុំបងអើយ របស់ វណ្ណដា ដែលមានការចូលសម្តែងពី កូនអាន GMENGz បានទម្លាក់កាលពីថ្ងៃទី១២ វិច្ឆិកា ដោយមិនបានចំណាយពេលយូរឡើយក្នុងការជាប់ Trending លេខ១ និងបានចំណាយពេលជាច្រើនសប្តាហ៍មិនងាយនឹងធ្លាក់នោះទេ។ គិតមកទល់ពេលនេះបទមានការស្តាប់លើសពី១២លានដងក្នុងរយៈពេល១ខែ៕










