Angela Wang កូនស្រីរបស់ពិធីការិនីទូរទស្សន៍ចិននិងជាអ្នកជំនួញ Li Xiang ត្រូវបានគេជឿថាជាម្ចាស់រថយន្ត Rolls-Royce បន្ថែមពីលើរថយន្ត Mini Cooper ដែលម្តាយរបស់នាងបានទិញសម្រាប់នាងកាលពីឆ្នាំមុន។ រូបនាងទើបតែមានអាយុ១៦ឆ្នាំ ហើយជីវិតរបស់នាងរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ។
យោងតាមគេហទំព័រ Dimsum Daily អ្នកនាង Li Xiang បានចែករំលែករូបថតរបស់នាងនៅទីក្រុងឡុងដ៍នៅលើប្រព័ន្ធផ្សព្វផ្សាយដោយមានចំណងជើងថា «នៅអាយុ ១៦ ឆ្នាំនៅទីក្រុងឡុងដ៍អ្នកអាចទទួលបានប័ណ្ណបើកបរ!»។ ការបង្ហោះនេះបានបង្ហាញពីរូបភាពជាច្រើន រួមទាំងរូបភាពមួយបង្ហាញពីរថយន្ត Rolls-Royce ដ៏ប្រណីត ដែលនាំឱ្យមនុស្សជាច្រើនប៉ាន់ស្មានថា Angela Wang អាយុ ១៦ ឆ្នាំ ឥឡូវនេះជាម្ចាស់រថយន្តទំនើបមួយនេះ។ យ៉ាងណាក៏ដោយ Li Xiang បានលុបការបង្ហោះនោះ។ បច្ចុប្បន្ននេះ Angela ត្រូវបានចុះឈ្មោះចូលរៀននៅសាលា Benenden School ដ៏មានកិត្យានុភាពក្នុងចក្រភពអង់គ្លេស ដែលសាលានេះមានកូនមហាសេដ្ឋី និងសែរាជវង្ស ក៏បានសិក្សានៅសាលានេះផងដែរ។
កាលពីដើមឆ្នាំនេះ Angela Wang បានធ្វើឱ្យមានការជជែកដេញដោលគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលគេឃើញនាងស្លៀកសំលៀកបំពាក់អ្នករចនាមានតម្លៃរាប់ពាន់ដុល្លារ។ កាលពីឆ្នាំមុន Li Xiang ក៏បានទិញរថយន្ត Mini Cooper សម្រាប់កូនស្រីនាងផងដែរ។ ស្ត្រីអ្នកជំនួញរូបនេះធ្លាប់បានលាតត្រដាងនៅក្នុងបទសម្ភាសន៍មួយថា ការទិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ថ្លៃៗសម្រាប់កូនស្រី គឺជារឿងធម្មតាសម្រាប់នាង។ នាងបាននិយាយថា៖ «យើងមិនខ្វះលុយទេ ហេតុអ្វីត្រូវរស់នៅដោយសន្សំសំចៃ?»។
Li Xiang មានអាយុ៤៨ ឆ្នាំ មានការទទួលស្គាល់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្នុងនាមជាពិធីការិនីទូរទស្សន៍ និងជាតារាសម្តែង។ ក្រោយមកនាងបានចូលប្រឡូកក្នុងវិស័យអចលនៈទ្រព្យ និងការកម្សាន្តដោយបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ ២០០៤។ 
Angela Wang គឺជាកូនស្រីរបស់ Li Xiang ជាមួយប្តីទីពីររបស់នាងគឺអ្នកដឹកនាំរឿង Wang Yuelun ដែលនាងបានរៀបការនៅឆ្នាំ ២០០៩ និងលែងលះគ្នានៅឆ្នាំ ២០២១។ អាពាហ៍ពិពាហ៍ដំបូងរបស់នាងគឺជាមួយអ្នកជំនួញ Li Houlin ដោយប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ២០០៥ ហើយបានបែកគ្នានៅឆ្នាំ២០០៦៕










