ប្រទេសវៀតណាម៖ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូភ្លៀងមួយមេធំ និងខ្យល់ព្យុះកំបុតត្បូងបានបោកបក់ពេញក្រុង Nga Nam ប្រទេសវៀតណាម បណ្ដាលឱ្យផ្ទះចំនួន ៦៤ ខ្នងដួលរលំ ដំបូលបាក់បែកធ្លុះធ្លាយ មនុស្សម្នាក់បានរងរបួស និងដើមឈើជាច្រើនបានបាក់។
យោងតាមការចុះផ្សាយរបស់ Vnexpress ភ្លៀង និងផ្គររន្ទះបានកើតឡើងនៅឃុំ My Binh និង My Quoi បណ្តាលឱ្យខូចខាតផ្ទះ ៦៤ ខ្នង ក្នុងនោះផ្ទះ ១៥ ខ្នងដួលរលំទាំងស្រុង រីឯផ្ទះ ៤៩ ខ្នងទៀតរលំដំបូល និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។.png)
ខ្យល់ព្យុះនេះក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួស ហើយដើមឈើជាច្រើននៅតំបន់នោះក៏បានបាក់រលំបិទផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ខ្យល់ព្យុះបានកើតឡើងភ្លាមៗ ហើយអូសបន្លាយប្រហែល ១៥ នាទី។ អ្នកស្រី Ngoc Hue នៅឃុំ My Quoi បាននិយាយថា គ្រួសារជាច្រើនគ្មានពេលប្រតិកម្មទេនៅពេលនោះ ប្រជាពលរដ្ឋដឹងតែលាក់ខ្លួននៅក្នុងផ្ទះ មិនហ៊ានចេញក្រៅទេ ព្រោះអ្វីៗបានហោះគ្រប់កន្លែងគួរឱ្យភ័យខ្លាចបំផុត។
.png)
បច្ចុប្បន្នស្ថានភាពហាក់ធូរស្រាលបន្តិចហើយ ទោះជាយ៉ាងណាតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងបន្តភ្លៀងឥតឈប់ឈរដល់ចុងខែនេះ។ ប៉ូលិសនិងអាជ្ញាធរមូលដ្ឋានបានចល័តកម្លាំងចុះទៅកន្លែងកើតហេតុដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីផលវិបាក។ យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង Nga Nam ខ្យល់ព្យុះកំបុតត្បូងត្រឹមមួយល្ងាចសោះ បានបណ្តាលឱ្យខូចខាតសរុបជាង ២ ពាន់លានដុង (ប្រមាណជាង ៧៨.០០០ ដុល្លារអាមេរិក)។

គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យប្រទេសវៀតណាមប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងគេក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ គឺដោយសារកត្តាដី ជម្រាលភូគព្ភសាស្ត្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ ដែលនេះហើយជាហេតុធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះជួបប្រទះនឹងគ្រោះធម្មជាតិឥតឈប់ឈរ៕










